ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចច្រុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប

ចែករំលែក៖

ខេត្តបត់ដំបងៈ កម្លាំងសមត្ថកិច្ចចម្រុះខេត្តបាត់ដំបង នៅថ្ងៃសុក្រថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំនៃមន្ទីរបរិស្ថានខេត្តបានចូលរួមចុះបង្ក្រាប និងទប់ស្កាត់បទល្មេីសក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមអ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះ អប់រំផ្សព្វផ្សាយ-ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនេសាទខុសច្បាប់នៅចំណុច

១-ពាមព្រែកព្រះដើមឈើ

២-ដៃអូរពាក់កន្ទេល

៣-ចែងឡូត៍២(កន្លែងអភិរក្សជលផលអតីតឡូត៍នេសាទលេខ២)

មធ្យោបាយធ្វើដំណើរកាណូតចំនួន១៥គ្រឿង មនុស្សសរុប៦0នាក់ ជាលទ្ធផលរួមមាន:

បង្ក្រាបបានចំនួនបី ករណី

– សាច់មងប្រវែង ២៤០០ ម៉ែត្រ

– ឡុកចំនួន ១២ គ្រឿង

– បង្គោលចំនួន ១៣០០ ដើម

– ព្រលែងត្រីចូលបឹងធម្មជាតិចំនួន២០០គីឡូក្រាម។

សូមបញ្ជាក់: សាច់មងនិងបង្គោលត្រូវបានកំទេចចោលនៅនិងកន្លែង។

ការចុះបង្រ្កាបបទល្មើសប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងភូមិសាស្រ្ត ឃុំកោះជីវាំង ស្រុកឯកភ្នំ ក្រោយគេមើលឃើញថាព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយ ពីសកម្មភាពនៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ បរណរ៉ាវ ចាប់យកត្រីប្រវែង១គីឡូម៉ែត្រទៅ២គីឡូម៉ែត្រ ពីសំណាក់ជនខិលខូច នៅតំបន់អភិរក្សត្រីឡូត៍លេខ២ បានកើតឡើងយ៉ាងសន្ធឹកសន្ធាប់ ។

បទល្មើសនេសាទមិនត្រឹមកើតមាននៅឡូត៍លេខ២ប៉ុណ្ណោះនោះទេ សេចក្តីរាយការណ៍ឱ្យដឹងថាបន្តកើតមាននៅចំណុចបឹងទន្លេសាបផងដែរក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្រុមខិលខូចប្រើប្រាស់ម៉ាញ និងស៊ីប អូស និងរុញស្បៃម៉ងក្រឡាញឹក ដោយទូកម៉ាស៊ីនធំៗ ចាប់យកទាំងត្រីតូចនិងត្រីធំ បង្កឱ្យមច្ឆជាតិមានការថយចុះ។

ឈ្មួញខិលខូចដែលប្រើឧបករណ៍ម៉ាញនិងស៊ីប ចាប់ត្រីនៅបឹងទន្លេសាបគេស្គាល់ឈ្មោះរើន រស់នៅស្រុកមោងប្ញស្សី មកស្នាក់នៅបណ្តោះអាសន្ននៅភូមិព្រែកទាល់ដើម្បីប្រព្រឹត្តបទល្មើសនេសាទត្រីខុសច្បាប់។

ការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តឃុំកោះជីវាំង កន្លងមកគេមើលឃើញបានធ្វើដោយរលូន ដែលគេដាក់ការសង្ស័យ មានសមត្ថកិច្ច និងមន្រ្តីជំនាញស្ថាប័ននៅឈរជើងនៅតំបន់នោះ អាចជាប់ពាក់ព័ន្ធ និងការឃុបឃិតជាមួយឈ្មួញខិលខូចនេសាទខុសច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖