ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ ដួលផ្កាប់មុខស្លាប់ នៅទល់មុខដំណាក់ស្តេច ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានដួលផ្កាប់មុខដោយមិនដឹងមូលហេតុ ហើយត្រូវ​បានរថយន្តគ្លីនិក៨៨៨ មកដឹកយកទៅសង្រ្គោះនៅគ្លីនិក​មិត្តភាព ប៉ុន្តែក្រោយមកជនរង​គ្រោះ​បានស្លាប់នៅ​លើរថយន្តសង្គ្រោះតែម្តងដោយសារបែកលលាដ៏ ធ្ងន់ធ្ងរ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២ រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី​៤ ខែមករា​ ឆ្នាំ២០១៩ នៅចំណុចទ្រូងផ្លូវ២ធ្នូ​ ទល់មុខដំណាក់ស្តេច​ ក្នុងក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ZHU YONGAN ឆ្នាំកំណើត ២៨ ធ្នូ ១៩៨៣ កាន់លិខិតឆ្លងដែនលេខ ED6906046 មានសុពលភាព ២ កក្កដា ២០២៨ មុខរបរកម្មករជាងឈើ នៅបុរីគុជអាស៊ី ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចដដែល បានបញ្ជាក់ថា តាមការសន្និដ្ឋាន សាកសពស្លាប់ដោយសារ​ការប៉ះ​ទង្គិច​ចំក្បាលធ្ងន់ធ្ងរខ្លាំងពេក ទើបគ្រូពេទ្យសង្រ្គោះមិនទាន់។ បច្ចុប្បន្នសាកសពបានយកទៅតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការសម្រេចពីស្ថានទូតចិនប្រចាំកម្ពុជាទាក់ទងក្រុមគ្រួសារនៅប្រទេសចិន មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖