ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងបើកជែងប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលត្រូវរថយន្ដមកពីក្រោយកិនស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ ម៉ូតូមួយគ្រឿងបន្ថែមល្បឿនវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅប៉ះដៃចម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួល ត្រូវរថយន្ដធុនធំបើកមកពីក្រោយឈប់មិនទាន់កិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចច្រកចូលផ្ទះសំណាក់រស្មីស្រែមាស លើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកមិនស្គាល់ម៉ាក បើករត់គេចខ្លួនបាត់ស្រមោល រីឯម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1X-2182 បើកបរដោយឈ្មោះ លន ណាវី ភេទប្រុស អាយុ៣៨ឆ្នាំ (រងរបួសធ្ងន់) មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ លន លី ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ។ ចំណែករថយន្ដម៉ាក KAMA ពណ៌ស ពាក់ស្លាកលេខ ក៨១៧០-ភព៣ អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ(ទុករថយន្ដចោលរត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនម៉ូតូជនរងគ្រោះបើកបរតាមបណ្ដោយផ្លូវ១១៥ ក្នុងទិសដៅពីលិចទៅកើតដោយមានអ្នករួមដំណើរម្នាក់នៅពីក្រោយ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបើកដោយល្បឿនលឿន វ៉ាជែងម៉ូតូជនរងគ្រោះនៅខាងមុខ មិនប្រយ័ត្ន ក៏ជ្រុលទៅប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្ដាលឲ្យម៉ូតូជនរងគ្រោះដួលទៅនឹងផ្លូវ ខណៈក៏មានរថយន្ដមួយគ្រឿងបើកស្របទិសគ្នាឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ បានកិនជនរងគ្រោះជាអ្នករួមដំណើរលើម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូរងរបួសស្រាល ។ ចំណែកម៉ូតូបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ។ ចំពោះអ្នកបើកបររថយន្ដ ក្រោយពីមានហេតុការណ៍កើតឡើង បានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោលផងដែរ ។

ក្រោយពីសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានទទួលព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ភ្លាមនោះកម្លាំងជំនាញបានចុះមកដល់កន្លែងកើតហេតុ រួចយករថយន្ដសង្រ្គោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកជនរងគ្រោះរងរបួសធ្ងន់យកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានកម្លាំងនគរបាលជំនាញធ្វើការវាស់វែង និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបាននគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖