ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី ក្លាយជាអណ្តាតភ្លើងឆេះ​បំផ្លាញ​ផ្ទះឈើ​លើទឹក១ខ្នងម៉ដ្ឋ

ចែករំលែក៖

បាត់ដំបង ៖ ផ្ទះឈើ​បណ្តែត​លើទឹក​ចំនួន១ខ្នង​នៅ​បឹង​ទន្លេសាប​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ជួយធ្វើ​អន្តរាគមន៍​រំដោះ​ក្មេង​តូច២នាក់​ និង​មនុស្ស​ចាស់​ម្នាក់​ឲ្យ​ផុតពី​សេចក្តីស្លាប់ទាំងព្រលឹងនៅចុងសក់ ។

ហេតុការណ៍​មានអគ្គិភ័យ​នេះ​បាន​កើតឡើងកាលពី​ព្រឹកថ្ងៃអង្គារ ១០ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ និង ថ្ងៃទី១៥ខែមករា​ឆ្នាំ២០១៩ ​នៅ​ចំណុច​ផ្ទះ​លេខ៤៥៦ក្នុង​ក្រុមទី៦ភូមិ​អន្លង់​តា​អួរ​ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលស្រុក​ឯក​ភ្នំ​ បានឲ្យដឹងថា មូលហេតុ​នៃ​ការឆាបឆេះ​នេះ ​ផ្តើមចេញពី​ក្នុងផ្ទះ​ឆ្លង​ចរន្តអគ្គិសនី ខណៈគេ​ឃើញ​បែក​ផ្កាភ្លើង​ចេញពីក្នុងផ្ទះ ហើយបានមួយសន្ទុះ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ពេញបន្ទុក​មួយ​រំពេច​តែម្តង ។ ភ្លាមៗនោះដែរ ប្រជាពលរដ្ឋរស់នៅជិតខាង និងអាជ្ញាធរមូលដ្ឋាន បានស្ទុះចូលទៅរំដោះ​ក្មេងតូចៗចំនួន២នាក់ និងមនុស្សចាស់ម្នាក់​ចេញពីក្នុងផ្ទះ​សឹង​មិនទាន់ ។ ចំណែក​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ សែន​ សុខ​ភិន ​អាយុ៣៨ឆ្នាំ​ ក្នុងពេល​កើតហេតុ ​រវល់​ទៅ​យាម​សត្វ​ នៅ​តំបន់​អភិរក្ស​ និង​ប្រពន្ធ​មាន ឈ្មោះ​ សែម ​ឡាក់​គី​ អាយុ៣២ឆ្នាំ ​រវល់​ទៅ​លក់​បង្អែម​នៅ​ខាងក្រៅ​ផ្ទះ​ជា​រៀលថ្ងៃ​ដោយបាន​ផ្ញើ​កូនតូច​ អាយុ៥ឆ្នាំ ​ម្នាក់​ និង​អាយុ១១ឆ្នាំ​ ម្នាក់ ​ឲ្យ​ម្តាយមីង​ជួយ​មើល​ការខុសត្រូវ ។

យ៉ាងណាឧបទ្ទវ​ហេតុនេះ ​ត្រូវម្ចាស់ផ្ទះអះអាងថា បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​នៅក្នុង​ភ្នក់ភ្លើង​មានគ្រឿងអលង្ការមានតម្លៃ រួមទាំង​ប្រាក់​ប្រហែលជាង៦០លាន​រៀលផងដែរ៕ សហការី


ចែករំលែក៖