ប៉ោយប៉ែត៖ នៅក្នុងពេល ដែលក្រុងប៉ោយប៉ែត កំពុងបន្តកិច្ចការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ យ៉ាងមមាញឹក អាជ្ញាធរក្រុង ក៏បានដាក់ចេញគោលការណ៍ថ្មីមួយ ដោយសង្កាត់ទាំង៣ នៅក្រុងប៉ោយប៉ែត ដែលគ្របបណ្ដាភូមិទាំងអស់ ត្រូវមានម៉ូតូកង់បី សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ។ ស្របពេលនៃការរៀបចំពិធីមិទ្ទិញ រំលឹកខួប អនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៩ នៅក្នុងក្រុងប៉ោយប៉ែត នៅរសៀល ថ្ងៃទី១៥ ខែមករា លោកឧកញ្ញា សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត រួម នឹងមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អាជីវករ និងប្រជាពលរដ្ឋ ក៏បានរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤១៦អង្គ ដែលនិមន្តមកគ្រប់ទីវត្តអារាមនានា ក្នុងក្រុងប៉ោយប៉ែតផងដែរ ។
ជាការកត់សម្គាល់ចំពោះផែនការអភិវឌ្ឍន៍របស់ក្រុងប៉ោយប៉ែត គឺមិនត្រឹមតែ ផ្តោតលើកិច្ចការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាប៉ុណ្ណោះទេ តែតាមការបញ្ជាក់របស់អភិបាលក្រុងប៉ោយប៉ែត លោកឧកញ៉ា សាន ស៊ានហូ បានដាក់ចេញគោលការណ៍ថ្មីមួយ គឺតម្រូវឲ្យភូមិទាំង៣៨ និងអង្គភាពកម្លាំងសមតថកិច្ចក្នុងក្រុងនេះ មានម៉ូតូកង់បីសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងកិច្ចការចាំបាច់ក្នុងមូលដ្ឋាន ក្នុងនោះគោលបំណងសំខាន់ រួមមាន៖
ទី1- ទុកសម្រាប់ប្រជាការពារ ដើរល្បាតពេលយប់ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ។
ទី2-ទុកដឹកអ្នកមានជំងឺក្រីក្រ ស្ត្រីឈឺពោះជិតសម្រាលកូនទៅមន្ទីរពេទ្យ និងចូលរួមក្នុងកម្មវិធីផ្សេងៗ ។
ទី3- សម្រាប់អាជ្ញាធរភូមិ ដឹកថ្ម ខ្សាច់ ស៊ីម៉ង់ត៍ លុបក្រឡុកសំបុកមាន់ តាមផ្លូវ ដែលចាក់ថ្មមិចជាច្រើនខ្សែមានកាខូចខាតជាដើម ។
ទន្ទឹម និងតម្រូវការចាំបាច់ក្នុងគោលការណ៍ថ្មី ដែលអាជ្ញាធរក្នុងក្រុងប៉ោយប៉ែតបានមកពីអាជីវករមន្ត្រីរាជការក្នុងក្រុងបានរួមជួយឧបត្ថមសាលាក្រុងប៉ោយប៉ែត នឹងចាត់ចែង ក្នុងកិច្ចការសង្គម វិស័យសាសនា និង សកម្មភាពមនុស្សធម៌ លើកស្ទួយសង្គមជាតិដើម្បីដោះបន្ទុករបស់រាជរដ្ឋាភិបាលផងដែរ ៕ វណ្ណា