ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ ​កម្មការិនី ​ប្រមាណ​២ពាន់នាក់ បម្រើការងារនៅរោងចក្រផលិតស្បែកជើង KINGMAKERS ចូលធ្វើការវិញហើយ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក អ៊ូ សុខខឿន អនុប្រធានមន្ទីរ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានថ្លែងថា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្មករ កម្មការិនីរោងចក្រផលិត​ស្បែកជើង KINGMAKERS ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត បានចូលធ្វើការងារជាធម្មតាវិញហើយ ខណៈមិនបានធ្វើកូដកម្មនោះទេ ។

លោកបានបន្តថា ចំពោះការចូលបម្រើការងារក្នុងរោងចក្រវិញនោះ បន្ទាប់ពីថៅកែរោងចក្របាននិយាយថា ព្រមបើកប្រាក់ឲ្យកម្មករកម្មការិនីតែ៣០ភាគរយប៉ុណ្ណោះ ប៉ុន្តែលោកមិនដឹងថា ក្រុមកម្មករយល់ព្រម ឬមិនយល់ព្រមនោះទេ លុះព្រឹកឡើងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្រាប់តែចូលធ្វើការវិញជាធម្មតាដោយមិនមានអ្នកណាម្នាក់ធ្វើកូដកម្មអ្វីទេ ។

សូមបញ្ជាក់ថា កម្មករ​ កម្មការិនី​ ប្រមាណ​២ពាន់នាក់ បានលើកគ្នា​បាតុកម្ម​តវ៉ាទាមទារ​ប្រាក់​៥០​ភាគរយ ដែល​ថៅកែ​រោងចក្រ​ផលិត​ស្បែកជើង KINGMAKERS ប្រកាស​ព្យួរការងារ​រយៈពេល​១​ខែ ដោយ​លើក​ហេតុផល​ថា គ្មាន​អ្នកបញ្ជា​ទិញ ។

ករណីផ្ទុះបាតុកម្មនេះកើតឡើងតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅ​រោងចក្រ​ឃី​ង​ម៉េ​ក​ឃើ​រ KINGMAKERS ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ។

លោក អ៊ូ សា​ខឿន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណកម្មាធិការ​កណ្តាល​ប្រចាំ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា មូលហេតុ​កម្មករ ​កម្ម​ការិនី​បាតុកម្ម គឺ​ដោយសារ​ថៅកែរ​រោងចក្រ​ផលិត​ស្បែកជើង ប្រកាស​សុំ​ព្យួរការងារ​កម្មករ​រយៈពេល​១​ខែ មូលហេតុ​គ្មាន​អ្នកបញ្ជា​ទិញ ហើយការបាតុកម្មតវ៉ានេះកម្មករ កម្មការិនី​បាន​ទាមទា​រសុំ​ឲ្យ​ថៅកែរ​បើកប្រាក់​​៥០​ភាគរយ​ឲ្យ​កម្មករ ក៏​ប៉ុន្តែ​ភាគី​ថៅកែ​ង​រោងចក្រ​មិន​យល់ព្រម ទើប​ផ្ទុះ​ការ​តវ៉ា ដោយ​នាំ​គ្នា​ធ្វើ​បាតុកម្ម​បែប​នេះ ៕ យឹមសុថាន


ចែករំលែក៖