ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារ ខណៈដែលប្រទះឃើញបុរសម្នាក់ បានស្លាប់ក្នុងស្រះទឹក នៅផ្ទះឪពុកម្តាយក្មេក បន្ទាប់ពីបូមស្រះរីង យកត្រីហើយក៏យកខ្សែភ្លើងឆក់ កាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅភូមិ ត្រពាំងឈូក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ អ៊ុក ភិរម្យ អាយុ២៨ឆ្នាំ មានទីលំនៅភូមិបុស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈ ប្រពន្ធទើបសម្រាលកូនរួចបានជិត១០ថ្ងៃប៉ុណ្ណោះ ។
យោងតាមក្រុមគ្រួសារសពបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺជនរងគ្រោះជាបងប្អូនសាច់ញាតិបាននាំគ្នាបូមទឹកស្រះ ដើម្បីយកមកធ្វើម្ហូបដែលជាថ្ងៃចូលរោងការបងថ្លៃស្រី ។
ក្រោយពីបូមទឹកចេញពីស្រះរីងអស់ហើយនោះ ក៏នាំចាប់ត្រីអស់ហើយគេនាំគ្នាឡើងលើគោកអស់នៅសល់ តែជនរងគ្រោះរាយខ្សែភ្លើងដើម្បីឆក់ត្រីបន្ត ដោយមានអ្នកឈរមើល និងឈរចាំទទួលត្រីដោយមិនដឹងថា ជនរងគ្រោះឆក់នោះទេ ។
ប្រភពបានបន្ថែមទៀតថា លុះជនរងគ្រោះឆក់ដួលភួកល្បាប់ទើបដឹងថា ត្រូវខ្សែភ្លើងឆក់ ប៉ុន្តែហួសពេលទៅហើយដោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្រោយពីទទួលដំណឹងថា មានមនុស្សត្រូវខ្សែភ្លើងឆក់ស្លាប់ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីកោសល្យវិច័យលើសាកសពក្រោយ ពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន