ព័ត៌មានទាន់ហេតុការណ៍៖

មេការជនជាតិចិននៃមន្ទីរពេទ្យវ៉ិចតូរៀ ពុំទាន់ត្រូវបានតុលាការសម្រេចចោទប្រកាន់ ទេ ករណីបង្ខាំងមនុស្សដោយសារគ្មានប្រាក់បង់ថ្លៃវះកាត់

ចែករំលែក៖

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍ថ្លែងថា រហូតមកទល់រសៀលថ្ងៃទី១៧ ខែមករា នេះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះមេការជនជាតិចិននៃមន្ទីរពេទ្យវ៊ិចតូរៀ ដែលចាប់បង្ខាំងស្ត្រីម្នាក់និងកូនស្រី ដោយសារគ្មានប្រាក់បង់ថ្លៃសេវាវះកាត់ ។

មន្ត្រីចូលរួមប្រតិបត្តិការ បញ្ជាក់យ៉ាងច្បាស់ ថា ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនតែម្នាក់ប៉ុណ្ណោះ ពោលគឺលោកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវនៃមន្ទីរពេទ្យវ៊ិចតូរៀ ពុំមានការឃាត់ខ្លួនទេ ។

ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា បានទទូចឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

តាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២។

បញ្ហានេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានចេញសេចក្ដីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការហើយ ៕ចេស្តា


ចែករំលែក៖