ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំភ្លើងនៅកោះ Kuchinoerabu ប្រទេសជប៉ុន ចាប់ផ្តើមផ្ទុះ

ចែករំលែក៖

ភ្នំភ្លើងមួយស្ថិតនៅកោះដាច់ស្រយាល់ភាគខាងត្បូងជប៉ុននោះ បានផ្ទុះហើយ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែភ្នាក់ងារឧតុនិយមបញ្ជាក់ថា ហានិភ័យអំពីវា ទំនងជាមិនធ្ងន់ធ្ងររហូតដល់ជម្លៀសអ្នកស្រុកនោះទេ ។ មិនទាន់មានករណីអ្នកស្លាប់ របួស ឬការខូចខាតអ្វីនោះទេ បណ្តាលមកបីការផ្ទុះភ្នំភ្លើងនៅដែនកោះ Kuchinoerabu ដាច់សង្វែងភាគខាងត្បូងជប៉ុនមួយនេះ ។

មន្ត្រីម្នាក់និយាយថា «មានករណីផ្ទុះភ្នំភ្លើងនេះម្តងហើយ កាលពីមុន ហើយនៅព្រឹកនេះ មានការផ្ទុះម្តងទៀត ជាករណីថ្មីជាងគេ ហើយទំនងបង្កឲ្យរងផលប៉ះពាល់ច្រើន ។ យើងមានប្រកាសកម្រិតអំពីគ្រោះថ្នាក់ចំនួន៣ ដែលហាមចូលទៅកាន់តំបន់នោះផងដែរ ។ ចំណុចដែលគ្រោះថ្នាក់ ពីជុំវិញភ្នំភ្លើង Shindake នេះ២គីឡូម៉ែត្រ» ។

ភ្នំភ្លើងនេះស្ថិតនៅចម្ងាយប្រហែល១ពាន់គីឡូម៉ែត្រភាគនិរតីទីក្រុងតូក្យូ បានផ្ទុះនៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ។ គេអាចមើលឃើញដោយភ្នែក នូវផ្សែងខ្មួលខ្មាញ់គ្របដណ្តប់ពីលើភ្នំទៅលើលំហរអាកាស និងសាយភាយពាស់ពេញក្នុងតំបន់ តែវាមិនអាចទៅដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ។ គ្មានការលើកឡើងនោះទេ ថា មានជម្លៀសពលរដ្ឋដោយសារតែការផ្ទុះនេះ ។

កាលពីឆ្នាំ២០១៥ ភ្នំភ្លើងនេះបានផ្ទុះម្តងដែរ ហើយខ្លាំងជាងពេលនេះ បាញ់ផ្សែងរាប់ពាន់ម៉ែត្រ និងមានលំហូរភ្នក់ភ្លើងដែលគំរាមកំហែងដល់ជីវិតមនុស្សចូលកាន់សមុទ្រថែមទៀតផង ។ មនុស្សម្នារស់នៅទីនោះប្រហែល១០០នាក់ប៉ុណ្ណោះបានភៀសខ្លួន ។

ជប៉ុនមានភ្នំភ្លើងរស់ចំនួន១១០នៅទូទាំងប្រទេស ហើយភ្នំភ្លើងដែលស្ថិតក្រោមការតាមដានសកម្មភាពរបស់វាជាប្រចាំនោះ មានចំនួន៤៧ភ្នំភ្លើង ៕


ចែករំលែក៖