ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ក្រោយពេលផឹក ខារ៉ាបាវ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សង្ស័យតែប្រតិកម្ម ឬជនរងគ្រោះ មានជំងឺលើសឈាមផង ក៏មិនដឹង ទើបក្រោយពេលផឹកស្រាបៀរ ហើយទៅផឹក ខារ៉ាបាវ បណ្តាលឲ្យបែកពពុះមាត់ ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី ២៤ខែ មករា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះ រ៉េម នៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ នូ តឹម ភេទ ប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មេចុងភៅ ម្ហូបការ មានទីលំនៅភូមិខោប សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ។

នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានរាយការណ៍ថា មុនពេលកើតហេតុ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ ជនរងគ្រោះ និងកូនចុងភៅបីនាក់ ទៀតទី១.ឈ្មោះ ស៊ឺន សារ៉ន ភេទប្រុស អាយុ ៤១ឆ្នាំ ទី២.ឈ្មោះ ស៊ឺន កុសល ហៅ គង់ ភេទប្រុស អាយុ៣៣ឆ្នាំ និង ទី៣. ឈ្មោះ នួន សារឹន ភេទប្រុស អាយុ៣០ ឆ្នាំ បាននាំគ្នាទៅធ្វើម្ហូបការ នៅចំណុចខាងលើ ។ លុះដល់ យប់កើតហេតុ ជនរងគ្រោះ បានហូបស្រាបៀរ ២កំប៉ុង ក្រោយមកនិយាយថា ខ្លួនមានអារម្មណ៍ តឹងទ្រូងអស់កម្លាំង រួចបានទៅ ទិញភេសជ្ជៈ ខារ៉ាបាវ មកផឹក ស្រាប់តែមិនស្រួល ក្នុងខ្លួន បានឲ្យឈ្មោះ ស៊ឺន កុសល ហៅ គង់ (ត្រូវជាក្មួយ) បានធ្វើចលនារឹតទ្រូងឲ្យ ស្រាប់តែជនរងគ្រោះ បែកពពុះ មាត់ លៀនអណ្តាត រួចដាច់ខ្យល់ស្លាប់ពេល ដឹកបញ្ជូន តាមរថយន្ត ទៅពេទ្យផ្សារកន្ទួត ។

ក្រោយពេលដឹងថា ស្លាប់មកទើបសាច់ញាតិ បានដឹកតាម រថយន្តតាកូម៉ា មកផ្ទះជនរងគ្រោះ ធ្វើបុណ្យ តាមប្រពៃណី។

នៅព្រឹកថ្ងៃទី២៥ មករា តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត និងគ្រូពេទ្យកោសល្យវិច័យសន្និដ្ឋាន ជាករណី ស្ទះសរសៃឈាម ក្នុងបេះដូង មិនមែនមកពីផឹកខារ៉ាបាវនោះទេ ។

ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគក់សពឲ្យគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖