ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សប្រុសស្រីចំនួន ៤នាក់ បានរងរបួសរដូករណែលនៅលើកំណាត់ផ្លូវ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយ ។
យោងតាមរបាយការណ៍ ស្ថាប័នជំនាញពាក់ព័ន្ធមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង១០ និង៤៥នាទី ព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចមុខស្ថានីប្រេងឥន្ទនៈ(តេលា) ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿងបើក(គេចបាត់) បានកៀរស្រ្តីម្នាក់កំពុងជិះម៉ូតូ ១គ្រឿង បណ្ដាលឲ្យដួលបោកសន្លប់ស្ដូកនៅលើកំណាត់ផ្លូវ។
ចំណែកប្រភពពីអាធរជ្ញាមានសមត្ថកិច្ចមូលដ្ខានក្រុងពោធិ៍សាត់វិញបានឲ្យដឹងដែរថា នៅវេលាម៉ោង៥ និង៣០នាទី ព្រឹកថ្ងៃដដែល ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងម៉ូតូសណ្ដោងរឺម៉ក និងរថយន្តម៉ាក លិចសុីស អអិច ៣០០ ខណៈម៉ូតូសណ្ដោងរឺម៉កធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង ចំណែករថយន្ត លិចសុីស អអិច ៣០០ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត បណ្ដាលឲ្យភាគីម៉ូតូសណ្ដោងរឺម៉ករបួស ២នាក់យ៉ាងដំណុំផងដែរ។
ដោយឡែក៖ ប្រភពពីនគរបាលស្រុកក្រគរបានប្រាប់ឲ្យដឹងទៀតថា នៅវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃដដែលដែរ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ រវាងអ្នកបើកបរម៉ូតូ និងគោយន្តកន្រ្តៃច្រាស់ទិសគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ ចំណែកគោយន្ដកន្រ្តៃបើកគេចបាត់។
ប្រភពព័ត៌មានពីស្ថាប័នមានសមត្តកិច្ចមូលដ្ឋានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជំនាញបានជួយចាត់ចែងបញ្ជូនជនរងរបួសទៅសង្រ្គោះភ្លាមៗ ប៉ុន្តែជំនាញកំពុងឋិតក្នុងស្រាវជ្រាវសើបអង្កេត និងកំពុងដោះស្រាយនៅឡើយ៕ បឹុម ពិន