ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋបន្តទទួលបានការឧបត្ថម្ភស្បៀង និងដោះស្រាយបញ្ហាផ្សេងៗពីអភិបាលខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈម គឺចាស់ជរា ទីទ័លខ្លាំង នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកនានា ក្នុងខេត្តពោធិ៍សាត់តែងតែទូរស័ព្ទ និងចូលមកសាលាខេត្តពោធិ៍សាត់ផ្ទាល់ ដើម្បីសុំការឧបត្ថម្ភឬជួយអន្តរាគមន៍ពីអភិបាលខេត្តពោធិ៍សាត់ ក្នុងការដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់។

ជាក់ស្តែងនារសៀលថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាពលរដ្ឋជាង ១០០នាក់ បានមកលើកម្រាមដៃទាំង១០សំពះ ដើម្បីសុំឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ជួយ។ ឃើញសភាពបែបនេះ លោក អធភិបាលខេត្ត បានសម្តែងនូវទឹកចិត្តអាណិតអាសូរក្រៃលែង ក៏បានចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនេះ ឲ្យដូចជាគ្រួសារតែមួយ និងបានជូនស្បៀង សម្រាប់ដោះស្រាយជាបឋមទៅដល់ពួកគាត់ ទៅតាមលទ្ធភាពជាក់ស្តែង។

លោក អភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះដែរថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមជាឪពុកម្តាយគេ បើកប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនបាន ហើយរត់មកពឹងពាក់ហើយនោះ លោកមិនដែលធ្វើព្រងើយម្ដងណានោះទេ។ លោកបានគូសបញ្ជាក់ថា ការដោះស្រាយជាបឋមនេះ មិនអាចឱ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនពុកម៉ែប្រឹងរកទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។ ម្យ៉ាងទៅវិញទៀតនោះត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ ក្នុងនោះរួមទាំងក្រុមគ្រួរសាររបស់លោកផងដែរ។

លោកបានបន្ថែមថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ហើយបានធ្វើឲ្យប្រជាពលរដ្ឋក៏មានការពេញចិត្តគ្រប់ៗគ្នា។ ហើយវត្តមានរបស់លោកបានមកដឹកនាំនៅខេត្តពោធិ៍សាត់ គឺដោយសារសម្តេចជាអ្នកផ្តល់ជូន ដូច្នេះយើងត្រូវបន្តគោរពស្រលាញ់ដឹងគុណក្នុងការដឹកនាំរបស់សម្តេច។

ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះអភិបាលខេត្ត ពោធិ៍សាត់ដែលពួកគាត់ទទួលបានឳពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍អព្យាក្រឹត្យ និងមិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ពិសេសទាក់ទងនឹងបញ្ហាផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍។

ក្នុងថ្ងៃដដែល លោក ម៉ៅ ធនិន បានចុះពិនិត្យការដ្ឋានស្ថាបនាសួនច្បារ១៤មករា និងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ដែលមានទីតាំងនៅជាប់ស្ពានថ្ម ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕ ប៉ឹម ពិន


ចែករំលែក៖