ព័ត៌មានទាន់ហេតុការណ៍៖

យប់ នៃថ្ងៃក្តីស្រឡាញ់ ១៤ កុម្ភៈ ប្តីប្រពន្ធមួយគូ វាយគ្នាបែកផ្សែង របួសរៀងខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្តីប្រពន្ធមួយគូបានឈ្លោះគ្នា បង្កហិង្សាវាយតប់គ្នាបណ្តាលឲ្យភាគីខាងប្រុស រងរបួសធ្ងន់ ​កាលពី​ម៉ោង​៨​យប់ ថ្ងៃព្រហស្បតិ៍​ ១៤កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធ​ស័ក ​២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្តី​មានឈ្មោះ ផា​ន់ វន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ ចំណែកឯ​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ យ៉ា​ន់ វី ហៅ​លី​ន អាយុ​២៩​ឆ្នាំ មុខរបរ​មើល​ការ​ខុស​ត្រូវ​ទូរ​ហ្គេ​ម​បាញ់​ត្រី នៅ​ម្តុំ​សាលា​អនុ​វិទ្យាល័យ​គោ​គ​បញ្ជាន់ រស់នៅ​ជាមួយ​គ្នា​ភូមិ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ដោយ​លឺ​សំឡេង​គ្រួសារ​ខាង​លើ​មាន​ជម្លោះ​នៅ​ក្នុង​គ្រួសារ រហូត​បោក​របស់របរ​ក្នុងផ្ទះ ហើយ​លឺ​សំឡេង​កូន​យំ​ពេញ​ផ្ទះ បន្ទាប់​មក​កូនប្រុស​របស់​ពួក​គាត់​បាន​ចេញ​មក​ពី​ក្នុងផ្ទះ ហើយ​ប្រាប់​ថា ពុក​ម្តាយ​គាត់​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យមក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ខណៈ​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ប្តឹង​ភ្លាម​ៗ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ឃើញ​ប្តី​មាន​របួស​ស្នាម​ក្រចក​ពេញ​ខ្លួន តែ​មិនឃើញ​ប្រពន្ធ ខណៈ​ពេល​នោះ​ដែរ សមត្ថ​កិច្ច​បាន​ស្រែកហៅ​ប្រពន្ធ តែ​មិន​លឺ​សំឡេង​ឆ្លើយ​តប ហើយ​សមត្ថកិច្ច​មានការ​សង្ស័យ​បាន​ឡើង​ទៅ​លើ​ឡៅតឿ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដេក​ស្ដូកស្ដឹង​ដកដង្ហើម​ឡើង​ញាប់​នៅ​លើ​ពូក ក៏បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាម​ៗ​ផង​ដែរ និង​ឃាត់​បុរស​ជា​ប្តី​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​២​។

ប្រភព​ពី​បុរស​ជា​ប្តី​ខាងលើ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​កើតហេតុ រូប​គាត់​មិនសូវ​ស្រួលខ្លួន​ផង ណាមួយ​មិន​ពេញចិត្ត​ការងារ​ប្រពន្ធ​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​គាត់​ជា​ច្រើន​ដង​នៅ​កន្លែងធ្វើការ​ទូ​ហ្គេ​ម​បាញ់​ត្រី តែ​ប្រពន្ធ​គាត់​មិន​ព្រម​ទទួល ហើយ​ពេល​ទទួល​ទូរស័ព្ទ​បាន​ជេរ​ប្រមាថ គាត់​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិន​បាន​ក៏​ទៅ​រករឿង​នៅ​កន្លែងធ្វើការ​តែ​ម្ដង រួច​បាន​ឈ្លោះប្រកែក​គ្នា លុះ​នាំ​គ្នា​មក​ដល់​ផ្ទះ​វិញ​ប្រពន្ធ​គាត់​បោក​រូបថត​អាពាហ៍ពិពាហ៍​ចោល ហើយ​ប្តី​ក៏​បោក​ទូរស័ព្ទ​ប្រពន្ធ​ចោល​វិញ​ដែរ និង​បាន​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ក្រោយ​ប្តី​ចាប់​បោច​សក់​ប្រពន្ធ​សង្កត់​លើ​ពូក ចំណែក​ប្រពន្ធ​ខាំ​នឹង​ក្រញៅ​ពេញ​ខ្លួន​ប្តី អ្នក​ទាំង​ពីរ​រង​របួស​រៀងខ្លួន​ដោយ​ប្រពន្ធ​ថប់ដង្ហើម​ជិត​សន្លប់​ទើប​សមត្ថកិច្ច​ពឹង​អ្នក​ជិតខាង​ឲ្យ​យក​ទៅ​មន្ទីរពេទ្យ​ឯកជន​ជិត​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មិន​ប្តឹងប្តល់​ទៅ​លើ​ប្តី​របស់​ខ្លួន​ឡើយ ដោយ​ឲ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា និង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕ សុខាសែនជ័យ


ចែករំលែក៖