ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នង ដែលជាជំរកជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវអាជ្ញាធរខណ្ឌសែនសុខ ចុះរុះរើចេញ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ផ្ទះមួយខ្នង ដែលជាជំរកក្រុមជនសង្គមងងឹត ធ្វើពីឈើប្រក់សង្ក័សី នៅតំបន់មិនរៀបរយ ប្លុកត្រពាំងឈូក ទល់មុខមន្ទីរពេទ្យ ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចចុះប្រើវិធានការ រដ្ឋបាលរុះរើ ចោល បន្ទាប់ពីសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានកម្រើកឡើងវិញ ។

ប្រភពព័ត៌មានពីលោកមេភូមិបុរីកម្មករបានឲ្យដឹងថា ការរុះរើសំណង់ ដែលក្រុមជនសង្ស័យ លាក់ខ្លួន ប្រព្រឹត្តិបទល្មើសនេះ ធ្វើឡើង តាមការណែនាំរបស់លោក ម៉ូវ ម៉ានិត អភិបាល ខណ្ឌសែនសុខ ។

ប្រភពដដែលបានឲ្យដឹងទៀតថាកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ គណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ បានចុះធ្វើរដ្ឋបាល នៅតំបន់ ស្មុកស្មាញភូមិ បុរីកម្មករ ដែលជាអតីត (ភូមិ ត្រពាំងឈូក) ឃាត់ខ្លួន បានក្រុមជនសង្ស័យ ចំនួន ៤នាក់ ព្រមទាំងដកហូតបាន ថ្នាំញៀន ប្រភេទក្រាមសថ្លា ចំនួន៣កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួនមួយ និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនផង ដែលជនសង្ស័យបានប្រមូលផ្តុំគ្នាប្រើប្រាស់ក្នុងផ្ទះទីតាំងខាងលើ ទើប អាជ្ញាធរ សង្កាត់ និងសមត្ថកិច្ចឈានទៅរុះរើ លំនៅឋាន នេះចោលកុំឲ្យក្រុមជនសង្ស័យ បន្តយកផ្ទះនោះធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀនបន្តទៀត ។

គួរបញ្ជាក់ផងដែល អតីត ភូមិ ត្រពាំងឈូក ហើយបច្ចុប្បន្នក្លាយជាភូមិ បុរីកម្មករ ក្នុងសង្កាត់ទឹកថ្លានេះជាតំបន់មិនរៀបរយ ដែលល្បីឈ្មោះដោយក្រុមក្មេងៗបានមកពពាក់ពពួន នាំគ្នា ប្រើប្រាស់គ្រឿងញៀន ។ នៅក្នុងយុទ្ធនាការបោសសំអាតគ្រឿងក្រសួងមហាផ្ទៃ ក៍ដូចជាសាលារាជធានីភ្នំពេញ កាលពីជំនាន់ លោកប៉ា សុជាតិវង្ស ក៏បានដាក់បទបញ្ជាឲ្យ អាជ្ញាធរ និងសមត្ថកិច្ច ថ្នាក់មូលដ្ឋាន និងការិយាល័យ ប្រឆាំងគ្រឿងញៀន ចុះធ្វើរដ្ឋបាលជាប្រចាំ និង ឲ្យរុះរើ លំនៅឋាន ប្រមាណជាង១០០បន្ទប់នៅកំឡុង ឆ្នាំ២០១៦ ហើយ បានធ្វើឲ្យ តំបន់នោះស្ងប់ស្ងាត់អស់រយះពេលប្រមាណ៣ឆ្នាំ ពេលនេះបានដុះពន្លកកំរើកឡើងវិញ ហើយ ទើបអាជ្ញាធរ បន្តប្រើវិធានការណ៍ក្តៅរុះផ្ទះចោលបន្តទៀតដើម្បីកុំឲ្យរីករាលដាធំទាន់ ៕ តុង សីហា


ចែករំលែក៖