ខេត្តរតនគិរី៖ បុរសម្នាក់ស្រវឹងជោកជាំ បាត់ម្ចាស់ការជិះម៉ូតូ ដួលខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍នេះបានកើតឡើងនៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិប៉ាជន់ ឃុំឯកភាព ស្រុកអូរជំុ ខេត្តរតនគិរី ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូដួលខ្លួនឯងនោះ ឈ្មោះកុក យ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិទំពួន រស់នៅភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី (រងរបួសធ្ងន់បែកក្បាល និងហូរឈាមតាមច្រមុះ) ។
ប្រភពបន្តថា ជនរងគ្រោះបើកបរម៉ូតូមានល្បឿន ក្នុងស្ថានភាពស្រវឹងជោកជាំខ្លាំង ហើយមកដល់ចំណុចកើតហេតុខាងលើ ក៏ដួលរហូតបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្ដង ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចចរាចរណ៍បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយម៉ូតូកម្លាំងយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបណ្តោះអាសន្ន ៕ ជីវន្ត័