ខេត្តសៀមរាប ៖ចាប់ផ្ដើមហើយគំរោងសាងសង មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ឬ បារាយណ៍សិប្បនិមិ្មត របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានចាប់ផ្តើមដំណើរការសាងសង់ហើយ បន្ទាប់ពីគម្រោងនេះ ជាប់គាំងអស់រយៈពេល៤ឆ្នាំកន្លងមក។
បារាយណ៍សិប្បនិមិ្មត ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណជា ៤០លានដុល្លារអាមេរិក សម្រាប់ការសាងសង់នេះ ស្ថិតនៅជាប់ព្រំប្រទល់ភូមិចំនួន៥ ក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ដែលមានចម្ងាយ៣គីឡូម៉ែត្រពីទីប្រជុំជនផ្សារជ្រាវ។
ការផ្តួចផ្តើមបង្កើតឲ្យមានតំបន់ទេសចរណ៏ថ្មី(បារាយណ៍សិប្បនិម្មិត)នៅក្នុងមូលដ្ឋានខាងលើ រហូតហ៊ានចំណាយទឹកប្រាក់ដល់ទៅ៤០លានដុល្លារនេះ ត្រូវបានអះអាងថា ដោយសាមូលដ្ឋានខាងលើនេះ ជាស្រុកកំណើតរបស់សម្តេចសង្ឃរាជទេព វង្ស ហើយម្យ៉ាងវិញទៀតទីនោះជាទំនប់ទឹកដ៏ធំមួយ ដែលងាយស្រួលក្នុងការបង្កើតជាផ្ទៃទឹកបារាយណ៍ ដ៏ធំល្វឹងល្វើយបាន។ ក្រៅពីនោះសម្តេចសង្ឃ ក៏ចង់បង្កើតជាតំបន់ទេសចរណ៍ថ្មី សម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរ ម្ហូបអាហារបន្លែត្រីសាច់ ដែលកសិផលដាំដុះក្នុងមូលដ្ឋាន ដើម្បីជីវភាពរីកចម្រើន ក្នុងខណៈដែលសម្តេចសង្ឃ កាន់តែមានព្រះជន្មជរា និងមុនពេលដែលសម្តេច ឃ្លាតឆ្ងាយពីបងប្អូនកូនចៅក្នុងមូលដ្ឋាន ដែលគ្មានថ្ងៃត្រឡប់ក្រោយនោះ។
លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវបានបរិយាយថា បារាយសិប្បនិម្មិតដែលផ្តួចផ្តើមឡើងដោយសម្តេចសង្ឍរាជទេព វង្សនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ បារាយណ៍នេះ មានទំហំដី២៨៨ហិកតា បណ្តោយ២៨៨៥ម៉ែត្រនិងទទឹង១០០០ម៉ែត្រ ផ្ទៃទឹកផ្នែកខាងក្នុងបារាយណ៍៨០ហិកតា។ ខ្នងបារាយណ៍មានកំពស់៤ម៉ែត្រ មានទទឹង១០០ម៉ែត្រផ្នែកខាងត្បូង និង៥០ម៉ែត្រខាងលិច ខាងកើត និងខាងជើង ឯខ្នងបារាយណ៍ខាងលើត្រូវចាក់បេតុង និងមានទ្វារទឹកមុខ៤ម៉ែត្រចំនួនពីរ សម្រាប់បង្ហូរទឹកយកទៅស្រោចស្រពស្រូវប្រាំង៤០០ហិចតានៅផ្នែកខាងក្រោម។
ក្រៅពីនោះក៏មានសាងសង់ជាសាលារៀន មន្ទីពេទ្យ ភោជនីយដ្ឋាន ចំណតរថយន្ត រួមទាំងតូបលក់ដូរផ្សេងៗ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានដាំដើមឈើគ្រប់ប្រភេទសម្រាប់លម្អរក្នុងតំបន់ទេសចរណ៍ថ្មីមួយនេះ។ ចំណែកនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ គឺមានកោះមួយឈ្មោះថា កោះអរុណសួស្តី មានទំហំ៤ហិកតា ដែលមានកំពស់៥ម៉ែត្រ និងមានសង់ជាប្រាសាទកំពស់៨១ម៉ែត្រ អមដោយចម្លាក់ក្បាច់សំបកផ្កាឈូក ហើយក៏មានសង់ជាសាលាឆទានពទ្ធ័ជុំវិញកោះនិងមានគូរជារូបគំនូរប្រវត្តិសាស្ត្រផងដែរ។
លោកបន្តថា ការជីកបារាយណ៍គឺទុកគម្លាតពីខ្នង២០០ម៉ែត្រ និងជីកដូចជាជណ្តើរចំនួន៣កាំ ទី១ ជម្រៅ១ម៉ែត្រចម្ងាយ១០ម៉ែត្រ ទី២ ជម្រៅ២ម៉ែត្រចម្ងាយ៤០ម៉ែត្រនិងទី៣ ជម្រៅ៥ម៉ែត្រចម្ងាយ៤០០ម៉ែត្រ។ ធ្វើរបៀបនេះគឺជាការងាយស្រួលដល់ការកំសាន្តរបស់ភ្ញៀវគ្រប់រូប ដែលចង់ចុះហែលលេងទាំងរដូវប្រាំងនិងវស្សា។ ឯផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ថ្មីនេះមានចំនួន២ខ្សែ ទី១ តាមចំណុចផ្សារជ្រាវ ទី២តាមចំណុចព្រំប្រទល់ឃុំកណ្តែក និងផ្លូវចេញមួយខ្សែផ្សេងទៀតតាមផ្លូវពន្ធនាគារ។
លោកចៅសង្កាត់បន្តថា ដីអាងទឹកនំនប់ទឹកជ្រាវ ដែលបានសាងសង់ជាបារាយសិប្បនិម្មិតនេះ រដ្ឋាភិបាលកម្ពុជាបានប្រទានថ្វាយជូនសម្តេចសង្ឍរាជទេព វង្ស ដើម្បីបង្កើតជាតំបន់ទេសចរណ៍ថ្មី ដោយប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាននិងសហគមបឹងពារាំងជាអ្នកកសាង បន្ទាប់ពីមានការឯកភាពពីសាលាក្រុងនិង សាលាខេត្តសៀមរាប រួមទាំងមានការអនុញាតិច្បាប់ ពីគ្រប់ស្ថាបន័និងក្រសួងពាក់ពន្ធ័រួចហើយនោះ។
លោកបានបន្ថែមថា ការដែលគម្រោងនេះត្រូវជាប់គាំងរយៈពេល៤ឆ្នាំមកនេះ ក៏ព្រោះតែបញ្ហាថវិការ។ លុះក្នុងពេលថ្មីៗនេះ សម្តេចសង្ឃមានព្រះបន្ទូលថា( ត្រូវចេះយកស្លឹកត្នោតទៅខ្ចប់ស្ករត្នោត)ទើបហៅថាជាការអភិវឌ្ឍន៍។ ចំណុចនេះអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៏ បានសម្រេចដោះដូរអាចម៍ដី បាតបារាយណ៍ចំនួន១០ហិកតា ដើម្បីយកមកចាក់ធ្វើទំនប់ខ្នងបារាយណ៍ និងយកទុនខ្លះបន្តការអភិវឌ្ឍ។ ក្រៅពីនោះសម្តេចសង្ឃ ក៏មានគម្រោងឃ្វៀលដីមួយចំនួនដើម្បីយកថវិការខ្លះទៀតដើម្បី អភិវឌ្ឍន៍លើគម្រោងឲ្យរួចរាល់នៅអំឡុងឆ្នាំ២០២២ខាងមុខនេះ។
លោកចៅសង្កាត់ជ្រាវបញ្ជាក់ថា ជាមួយនិងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មី (បារាយណ៍សិប្បនិម្មិត)នេះ បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ បានសម្តែងអបអរសាទរ និងត្រេកអរយ៉ាងពន់ពេក ដោយពួកគាត់រំពឹងថា នឹងមានឱកាសរកចំណូលប្រចាំគ្រួសារ តាមរយៈមរតកថ្មីដែលជាស្នាដៃរបស់សម្តេចសង្ឃ។
ចំណែកលោកគង់ មង្គល ប្រធានសហគមន៏ប្រើប្រាស់ទឹកទំនប់ជ្រាវ ក៏បានលើកឡើងថា ជាការពិតណាស់ដែលខាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានចាប់ដៃគ្នាកសាងគម្រោងនេះ តាមរូបមន្ត(យកស្លឹកត្នោតទៅខ្ចប់ស្កត្នោត) នេះក៏ព្រោះតែយើងមិនទាន់មានដៃគូរសហការ ប៉ុន្តែក្រោយពេលយើងរកដៃគូរសហការបាន យើងនឹងអនុវត្តគម្រោងតាមស្ថានភាពជាក់ស្តែង។ លោកបន្តថា បារាយណ៍សិប្បនិម្មិតនេះ ជាតំបន់ទេសចរណ៍ថ្មីមួយទៀត ក្រោមការផ្តួចផ្តើមនិងអភិវឌ្ឍន៏របស់សម្តេចសង្ឃទេព វង្ស។អ្នកទេសចរណ៍ទាំងអស់ ក្រោយពេលទស្សនាប្រាងប្រាសាទបុរាណ និងតំបន់រមណីយដ្ឋានផ្សេងៗរួចអាចចូលមកទស្សនាបារាយណ៍នេះ និងបន្តទៅទស្សនាសត្វស្លាបទឹក ធម្មជាតិព្រៃលិចទឹក នៅសហគមន៍ទេសចរណ៍វប្បធម៍បឹងពារាំង បន្តទៀតតាមផ្លូវនិងច្រកចូលតែមួយ។
លោកបន្តថា ការបង្កើតបារាយណ៍នេះ ក្រៅពីទាក់ទាញទេសចរណ៍ គឺអាចរក្សាទឹកដើម្បីស្រោចស្រប កសិផលរបស់ពលរដ្ឋ បង្កើនចំណូលដល់ពលរដ្ឋ ក៏ដូចជាការកាត់បន្ថយ ការចំណាកស្រុករបស់ពលរដ្ឋផងដែរ។
យោងតាមការបរិយាយរបស់លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ និងលោកគង់ មង្គល ប្រធានសហគមន៏ប្រើប្រាស់ទឹកទំនប់ជ្រាវ គេរំពឹងថា នឹងមានតំបន់ទាក់ទាញ ប្រវត្តិសាស្ត្រ ដ៏លេចធ្លោ ថ្មីមួយទៀត សម្រាប់ខេត្តទេសចរណ៍សៀមរាបអង្គរ៕ ប៊ុនរិទ្ធី