ភ្នំពេញ ៖ មន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានថា ក្រសួងនឹងរៀបចំពិធីដុតកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ចំនួន៧០តោន ដែលសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែង ក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានបង្ក្រាបនិងរឹបអូសពីជនល្មើសដែលធ្វើចរាចរ ស្តុកទុក និង ចែកចាយនាពេលកន្លងមក ។
ពិធីដុតកម្ទេចចោលផលិតផលក្លែងក្លាយ ក្រោមវត្តមានអញ្ជើញជាអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធ តំណាង អង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងវិស័យ ឯកជនជាតិ-អន្តរជាតិមួយចំនួន ទៀត ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ពិធីដុតកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ ទាំងនេះ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ នាវេលាម៉ោង៨ព្រឹក នៅទីលានដី តាមបណ្តោយមហាវិថីសម្តេចតេជោ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕