ខេត្តកណ្ដាល៖ នគរបាលការិយាល័យព្រហម្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល និងនគរបាលប៉ុស្ដិ៍ព្រែកដំបង បានស្រាវជ្រាវករណីឃាតកម្មសម្លាប់បុរសម្នាក់ឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ កើតហេតុនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ត្រឹមរយះពេល២ថ្ងៃ សមត្ថកិច្ចជំនាញបានចាប់ខ្លួនយុវជនដែលជាជនដៃដល់បានបានម្នាក់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ខណៈដែលក្រុមជនដៃដល់ផ្សេងទៀតស្ថិតក្នុងការស្រាវជ្រាវចាប់ខ្លួននៅឡើយ ។
មន្រ្ដីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា យុវជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ មានឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា បន្ទាប់ពីក្រុមយុវជនសង្ស័យធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែហាងមីហិរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង រួចមក ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល រីឯសមត្ថកិច្ចជំនាញ ក្រោយពីទទួលបានព័ត៌មានករណីឃាតកម្ម ភ្លាមនោះក៏ចុះមកពិនិត្យ រួចសហការគ្នា ស្រាវជ្រាវរកមុខយុវជនសង្ស័យដើម្បចាត់ការតាមនីតិវិធីច្បាប់ ។ ជាលទ្ធផលសមត្ថកិច្ចជំនាញបានឃាត់ខ្លួនយុវជនសង្ស័យចំនួន១នាក់ ឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្ត យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯមុខសញ្ញាដែលពុំទាន់ចាប់ខ្លួនបាន សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវបន្ដទៅទៀត ៕ ស្អាងជ័យ