ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ បើកឆ្លងផ្លូវ ត្រូវបានរថយន្តកូរ៉េ បើកបុក រួញកាប៊ីនរបួស៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតៃន័រមួយគ្រឿង ខណៈបើកបត់ឆ្លងផ្លូវ ត្រូវបានរថយន្តកូរ៉េមួយគ្រឿងបើកលឿនលឿន ជ្រុលបុកពីទទឹង បណ្តាលឲ្យរួញកាប៊ីន រងរបួស៣នាក់ ធ្ងន់២នាក់ ស្រាលម្នាក់ ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តកុងតៃន័រ ម៉ាក MITSUBISI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0871 ដឹកចំណីសត្វ បើកចេញពីឃ្លាំងឆ្លងកាត់ទទឹងផ្លូវ បំណងបត់ទៅត្បូងស្រាប់តែមានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6484 បើកបរដោយឈ្មោះ ច្រឹក ឈង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅ ខេត្តកំពង់ធំ ចំណែកព្រូរថយន្ត២នាក់ ទី១ ឈ្មោះ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ទី២ ឈ្មោះ ដា វិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ រថយន្តដែលបើកពីជើងទៅត្បូងល្បឿនលឿន ជ្រុលទៅបុកពីទទឹងបណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ធ្ងន់២នាក់ ស្រាលម្នាក់ អ្នកបើកបរកុងតៃន័រ ចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ភាគីខាងរថយន្តកូរ៉េ របួស៣នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែក រថយន្តទាំង២គ្រឿងត្រូវបាន ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖