ភ្នំពេញ៖ នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។
វេទិកានេះនឹងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគ ធុរជនដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងវេទិកានេះនឹងមានការជជែកដោយបើកចំហររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នកធ្វើអាជីវកម្មនៅកម្ពុជាទៅបញ្ហាពាក់ព័ន្ធការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចជាដើម។ វេទិកានេះសម្តេចតេជោ នឹងប្រកាសដាក់ចេញការធ្វើកំណែទម្រង់ជាច្រើន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសដើម្បីធ្វើអោយសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំបន្ថែមទៀត ៕