ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលពិនិត្យសាកសពក្នុងអង្រឹងសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ស្លាប់ក្នុងអង្រឹង ក្បែរផ្ទះអ្នកភូមិ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចផងដែរ ដែលករណីនេះ គេលើកឡើងផឹកស្រាច្រើនរហូតខ្យល់គរ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងអង្រឹងក្បែរផ្ទះរបស់ឈ្មោះ ស៊ុន សៀប ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោប្រាប់ថា ជនរងគ្រោះឈ្មោះ មាស សេងលី ហៅសេង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក អនុសេនីយ៍ឯកបន្តថា ជនរងគ្រោះបានលែងលះប្រពន្ធប៉ុន្មានខែមកហើយ និងទៅមានប្រពន្ធបន្ទាប់ លុះក្រោយមក ក៏បានបែកប្រពន្ធបន្ទាប់នោះទៀត គាត់ក៏ព្យាយាមផ្សះផ្សាជាមួយប្រពន្ធដើម ប៉ុន្តែសង្ស័យអាចមិនស្រុះស្រួលគ្នា គាត់ក៏មានវិបត្តិផ្លូវចិត្តចេះតែដើរផឹកសុី និងបានទៅស្នាក់នៅផ្ទះតាកើតហេតុ ហើយគេឃើញពួកគាត់ឧស្សាហ៍ផឹកស្រា ស្ទើរតែរាល់ថ្ងៃ។

លោក នាយប៉ុស្ដិ៍រដ្ឋបាលបន្តទៀតថា លុះនៅយប់ថ្ងៃកើតហេតុ គាត់បានផឹកស្រាដូចសព្វមួយដង រហូតស្រវឹងរៀងៗ ខ្លួនទើបចូលដេក លុះនៅម៉ោងខាងលើ ម្ចាស់ផ្ទះ (ស៊ុន សៀប) បានឡើងជុះនោមឃើញដូចជាស្ងប់ស្ងាត់ពេក ក៏ដើរទៅអង្រួនដាស់ឲ្យក្រោក ស្រាប់តែរឹងខ្លួនប្រាណបាត់ទៅហើយ ករណីនេះមន្រ្តីជំនាញ សហការចុះពិនិត្យ និងស្រាវជ្រាវ រួចធ្វើកំណត់ហេតុប្រគល់ជូនប្រពន្ធកូនដើម យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖