ព័ត៌មានទាន់ហេតុការណ៍៖

បុរសពីរនាក់បើកម៉ូតូឌុបគ្នាលឿន ដល់ផ្លូវបែកជាបួន បានជ្រុលទៅបុករថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់បើកម៉ូតូឌុបគ្នាលឿនដល់ផ្លូវបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងពេញទំហឹង បណ្តាលរងរបួសធ្ងន់ទាំងពីរ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៣៣កែងផ្លូវ១១៨ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីកពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1GK-8910 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៣៣ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន មិនប្រយ័ត្នលុះមកដល់ផ្លូវបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក BMW ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AY-5801 បើកបរដោយបុរសជនជាតិកូរ៉េពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៨ ក្នុងទិសដៅពីកើតទៅលិច ចំទ្វាររថយន្តពេញទំហឹងបណ្តាលឲ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖