ថ្មីៗនេះសមត្ថកិច្ចបានបង្ក្រាបរោងម៉ាស៊ីនអារឈើ២កន្លែងនៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលរោងម៉ាស៊ីនអារឈើទាំងនោះត្រូវបានគេដឹងថា ជាប្រភពចំណូលរបស់មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកបសេដ្ឋ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅក្នុងស្រុកបសេដ្ឋ ផងដែរ។ មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ត្រូវបានគេដឹងថាជាអ្នកឃុបឃិតឲ្យមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកបសេដ្ឋ ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូនជាយូរមកហើយ ព្រោះបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ពួកគេ។
សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ថ្មីៗនេះកម្លាំងមានសមត្ថកិច្ចបានបង្ក្រាបទីតាំងរោងម៉ាស៊ីនអារឈើធំៗ៣កន្លែងនៅស្រុកបសេដ្ឋ គឺទីតាំងទី១នៅចំណុចភូមិឃ្លៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ដោយរឹបអូសម៉ាស៊ីនរ៉ៃអារឈើខ្នាតធំមួយគ្រឿងនិងឈើមូលធំៗរាប់សិបដុំ។ ទីតាំងទី២នៅចំណុចភូមិច្រនាងថ្មី ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ហើយទីតាំងទី៣នៅភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ដោយរឹបអូសវត្ថុតាងម៉ាស៊ីនអារឈើនិងឈើមូលជាច្រើនកំណាត់។ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើបានបង្ហាញការមិនសប្បាយចិត្តទាល់តែសោះនៅពេលដែលសមត្ថកិច្ចអាវុធហត្ថបង្ក្រាបទីតាំងរោងម៉ាស៊ីនអារឈើដែលជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ។
ប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើទេនោះ គឺគ្មានឈ្មួញណាអាចបង្កើតរោងម៉ាស៊ីនអារឈើខ្នាតធំជាច្រើនកន្លែង ហើយដំណើរការយ៉ាងរលូនដូចសព្វថ្ងៃនេះទេ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ពិនិត្យមើលឡើងវិញចំពោះភាពអសកម្មនិងអំពើពុករលួយរបស់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ព្រមទាំងបក្ខពួកជាបន្ទាន់ព្រោះបច្ចុប្បន្ននេះពួកគេឃុបឃិតបណ្ដោយឲ្យមានរោងម៉ាស៊ីនអារឈើខ្នាតធំជាច្រើនកន្លែងក្នុងស្រុកបសេដ្ឋ ដោយគ្មានញញើតអ្វីទាំងអស់។ បើតាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ បានឲ្យដឹងទៀតថា ឈ្មួញអាចដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចូលមកស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ យ៉ាងរលូនព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ក្នុងនោះមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកបសេដ្ឋ គឺជាអ្នកឃុបឃិតឲ្យឈ្មួញបើរោងម៉ាស៊ីនអារឈើជាច្រើនកន្លែងដើម្បីជាថ្នូរនឹងផលប្រយោជន៍ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕