ព័ត៌មានទាន់ហេតុការណ៍៖

វាយអ្នកលក់ស្រាខៀវភ្នែក ព្រោះខឹងមិនព្រមជឿស្រាឲ្យផឹក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អ្នកលក់ស្រាតាមភូមិម្នាក់បានរងនូវកណ្តាប់ដៃពីសំណាក់បុរសញៀនស្រាម្នាក់ បណ្តាលឲ្យខៀវភ្នែក ព្រោះតែមិនព្រមជឿស្រាឲ្យគេយកទៅផឹក ។

ក្រោយបង្ក ជនដៃដល់ត្រូវបានអ្នកភូមិ និងប្រជាការពាដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

អំពើហិង្សានេះ កើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃអាទិត្យ ១១រោច ចែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០១៩ ចំណុចភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីហិង្សាដោយចេតនាមួយ បានកើតឡើងដែលបង្កដោយជនសង្ស័យឈ្មោះ ង៉ែត ដូ ភេទប្រុស អាយុ៣១ឆ្នាំ មានភូមិ ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ឈ្មោះ ឈឺន ថា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ចំផ្ទៃមុខ (ក្រោមភ្នែកខាងស្ដាំ) បណ្ដាលឲ្យរងរបួស និងបានយកកាំបិតបុ័ងតោដេញកាប់ជនរងគ្រោះទៀតផង ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន តែត្រូវ ក្រុមប្រជាការពារក្នុងភូមិ សហការគ្នាដេញចាប់បានយកមកប្រគល់ជូនសមត្ថកិច្ច ។ ក្រោយទទួលរួចហើយ ជនសង្ស័យត្រូវនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយ និងយកកាំបិតដេញកាប់ជនរងគ្រោះប្រាកដមែន ព្រោះខឹងជនរងគ្រោះមិនឲ្យជឿស្រាឲ្យផឹក ។ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីកសាងសំណុំរឿងរួចរាល់ សមត្ថកិច្ចបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌចាត់ការបន្តតាមនីតិវិធី ៕ សេនាស័ក្តិ

 


ចែករំលែក៖