ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ស្រវឹងបើករថយន្តស៊េរីទំនើប ក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរី ទំនើបម៉ាក OD A7 ពាក់ស្លាកលេខ ភ្នំពេញ 2AR 2303 បើកបរដោយនារីស្រស់ស្អាតម្នាក់ស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់ចំនួនមួយកង់ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុតែមិនឃាត់ម្ចាស់រថយន្ត បែរជាបណ្តោយឲ្យម្ចាស់រថយន្តខលហៅមិត្តមកទទួលគេចខ្លួនបាត់បន្សល់ទុករថយន្តឲ្យសមត្ថកិច្ច ទាក់ទងទៅជំនាញស្ទូចរថយន្តទៅរក្សាទុក នៅការិយាល័យចរាចណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ