ក្រុមមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ ដើរនិយាយតុកាហ្វេថា លោកជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យកាន់តំណែងនេះជិត២០ឆ្នាំមកហើយ ដូច្នេះគាត់មិនញញើតនឹងប្រព្រឹត្តអំពើពុករលួយ ដែលពោរពេញទៅដោយបច្ចេកទេសនិងល្បិចកលនោះទេ ។ បុរសដែលជាមេពន្ធដាររូបនេះ ធ្លាប់មានរឿងអាស្រូវស្នេហាកាលពីជាង១០ឆ្នាំមុន បានជំរុញឲ្យគាត់កាន់តែល្បីឈ្មោះ នៅក្នុងចំណោមមន្ត្រីពន្ធដារ ។ យ៉ាងណាក៏ដោយ លោក ជុំ សំនិត មិនដែលខ្វល់ពីការរិះគន់ពីសំណាក់មន្ត្រីជុំវិញខេត្ត ក៏ដូចជាប្រជាពលរដ្ឋនោះទេ ពីព្រោះកាន់តំណែងជិត២០ឆ្នាំនេះ លោកស្គាល់ ត្រជាក់ ក្តៅ ស្គាល់អ្នកធំ អ្នកតូច គ្រប់កន្លុកកន្លៀតអស់ទៅហើយ ។
រឿងរ៉ាវពុករលួយច្រើនបែបច្រើនយ៉ាងគ្រប់ល្បិចកលរបស់លោក ជុំ សំនិត ក្នុងការប្រមូលពន្ធ នៅក្នុងខេត្តឧត្តរមានជ័យនេះ មានភាពមិនប្រក្រតីជាច្រើន ។ លោកជុំ សំនិត តែងតែពេបជ្រាយចំពោះអ្នកកាសែតហើយថា លោកមិនខ្វល់ចំពោះបញ្ហានៃការរិះគន់ អំពីចំណុចខ្សោយនៃការដឹកនាំរបស់លោក ដែលមានចំណុចអសកម្មនោះទេ ។ ការប្រមូលពន្ធ ជាពិសេសពាក់ព័ន្ធនឹងការបង់ពន្ធអចលនវត្ថុ ក៏ដូចជាការវាយបតម្លៃនៃការបង់ពន្ធជាដើម គឺអាស្រ័យទៅលើបបូរមាត់របស់មន្ត្រីពន្ធដារតែប៉ុណ្ណោះ ។ គ្មានអ្វីទៀតទាត់ ប្រាកដប្រជា គឺជាចំណុចដ៏សំខាន់ ដែលលោកជុំ សំនិត អាចប្រមូលប្រាក់បានយ៉ាងស្រួល និងដោយសន្តិវិធី ។ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ នៅមូលដ្ឋាន ខេត្តឧត្តរមានជ័យ តែងតែនិយាយអំពីភាពមិនប្រក្រតី ឬការវាយតម្លៃ ចំពោះការបង់ពន្ធដែលមានភាពមិនប្រក្រតី ។
លោកជុំ សំនិត អាចឈរជើងជាប្រធានសាខាពន្ធដារ ខេត្តឧត្តរមានជ័យបានរយៈពេលជិត២០ឆ្នាំកន្លងមកនេះ មិនមែនជារឿងលេងសើច ហើយក៏មិនមែនជារឿងចៃដន្យនោះដែរ បើទោះបីជាលោកធ្លាប់មានរឿងអាស្រូវជាច្រើន គ្រាដែលឡើងកាន់អំណាចថ្មីៗនោះក៏ដោយ ។ ការដែលលោកអាចឈរជើងហ្នឹង គ្រប់ដំណាក់កាលនោះ គឺដោយសារតែលោកចេះ ស្វែងយល់ពីទឹកចិត្តថ្នាក់ដឹកនាំ បានគ្រប់កាលៈទេសៈ ។ ដូច្នេះបើទោះបីជាមានការរិះគន់យ៉ាងណាក៏ដោយ ក៏លោកជុំ សំនិត មិនខ្វល់ ។ អ្វីដែលសំខាន់គឺមេដឹកនាំរបស់លោក បានផ្តល់ទំនុកចិត្តគ្រប់គ្រាន់សម្រាប់រូបលោកទៅហើយ ។ ដូច្នេះ មានតែអង្គភាពប្រឆាំងពុករលួយប៉ុណ្ណោះ ទើបអាចស្រាវជ្រាវដឹងថា លោក ជុំ សំនិត ធ្វើអ្វីខ្លះ ៕