ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីបែងចែកកម្លាំងជួយដោះស្រាយ ប្រមូល ដឹកជញ្ជូនសំរាម និងបាញ់លាងសម្អាតតាមដេប៉ូសំរាមក្នុងមូលដ្ឋានខណ្ឌ ជាមួយក្រុមហ៊ុនស៊ីនទ្រី ដើម្បីកុំឲ្យមានក្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៤ និង៣០នាទី ដើម្បីដឹកនាំកម្លាំងបែងចែកជួយដោះស្រាយ ប្រមូល ដឹកជញ្ជូនសំរាម និងបាញ់លាងសម្អាតដេប៉ូសំរាមក្នុងមូលដ្ឋានខណ្ឌ ជាមួយក្រុមហ៊ុនស៊ីនទ្រី ដោយសារសំរាមក្នុងរាជធានីភ្នំពេញ មានការកកស្ទះ ព្រោះគ្រឿងចក្រនៅទីលានចាក់សំរាមខូច ទើបរថយន្តមិនអាចចូលចាក់សំរាមបាន ។
ដូច្នេះរដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងអស់មេត្តាជ្រាបថា សំរាមដែលនៅតាមដេប៉ូធំៗ និងតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ និងត្រូវអាក់ខានក្នុងការប្រមូលមួយរយៈខ្លី ដោយមូលហេតុ គ្រឿងចក្រមួយចំនួននៅទីលានចាក់សំរាមបានខូច មិនអាចរុញសំរាមចូលក្នុងរណ្តៅបាន ជាហេតុនាំឲ្យមានការកក់ស្ទះរថយន្តដឹក ដែលចូលទៅក្នុងទីលានចាក់សំរាមផងដែរ ។
ជាចំណាត់ការបន្ទាន់ រដ្ឋបាលខណ្ឌដូនពេញ បាន និងកំពុងរៀបចំកម្លាំងប្រមូលបាញ់លាង សម្ភារ និងគ្រឿងចក្រ ដើម្បីសហការជាមួយក្រុមហ៊ុនស៊ីនទ្រី ជួយប្រមូល ដឹកជញ្ជូន និងសម្អាតឡើងវិញ ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យចំពោះបញ្ហានេះផង ៕ស តារា