ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ គឺជាមេខ្លោងនៅពីក្រោយបទល្មើសបំផ្លាញព្រៃឈើ

ចែករំលែក៖

ប្រភពពីសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមួយចំនួននិងឈ្មួញជាច្រើននាក់កំពុងបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ខេត្តព្រះវិហារ យ៉ាងពេញបន្ទុកព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របតាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើតាមតួនាទីរបស់ខ្លួននោះ គឺគ្មានក្រុមហ៊ុនឬឈ្មួញណាអាចដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ ឬខេត្តសៀមរាប បានឡើយ។

មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានចាត់ទុកក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។ ដូច្នេះហើយទើបក្រុមហ៊ុនមួយចំនួននិងឈ្មួញធំៗអាចដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលទៅខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងរលូនឲ្យតែពួកគេបង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវមួយចំនួន។ ទង្វើរបស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម មេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងធ្វើឲ្យបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើក្លាយជារឿងឥតន័យ ព្រោះឈ្មួញនៅតែអាចដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ យ៉ាងពេញបន្ទុកដដែល។

ប្រភពខ្លះបានឲ្យដឹងថា លោក ពឹង ទ្រីដា មានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួងកសិកម្ម ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ទាំងយប់ទាំងថ្ងៃ។ ទន្ទឹមនឹងនេះលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏មានលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ជាបង្អែកយ៉ាងរឹងមាំផងដែរទើបហ៊ានបណ្ដោយឲ្យក្រុមហ៊ុនមួយចំនួននិងឈ្មួញធំៗច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ យ៉ាងសុខស្រួល។ ដូច្នេះ ក្រសួងកសិកម្ម មិនគួរមើលរំលងភាពអសកម្មរបស់ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នោះទេព្រោះពួកគេកំពុងឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ យ៉ាងរាលដាល៕


ចែករំលែក៖