ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រមាណជា២០គ្រួសារ ស្នើសុំអភិបាលខេត្ត ជួយអន្តរាគមន៍បើកផ្លូវ ដែលពួកគាត់ធ្លាប់ដើរ បន្ទាប់ពីម្ចាស់ដីសង់របងបិទផ្លូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រមាណ២០គ្រួសារ បានសុំអន្តរាគមន៍ដល់អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ឲ្យជួយបើកផ្លូវដល់ពួកគាត់ ដែលបានប្រើប្រាស់រាល់ថ្ងៃនេះវិញផង បន្ទាប់ពីម្ចាស់ដីបានសង់របងបិទផ្លូវដែលគាត់បានដើររាល់ថ្ងៃ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រមាណជា២០គ្រួសារនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននាំគ្នាទាមទារស្នើឲ្យ អាជ្ញាធរ មូលដ្ឋាន និង អាជ្ញាខេត្ត គឺ លោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជួយអន្តរាគមន៍ឲ្យមានការបើកផ្លូវឡើងវិញ (ផ្លូវពីសង្គមចាស់) បន្ទាប់ពីម្ចាស់ដី បោះបង្គោលបិទផ្លូវ រំលោភយកដីផ្លូវពីសង្គមចាស់នេះមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ គេឃើញមានការបោះបង្គោលព័ទ្ធយកដីដែលជាអតីតផ្លូវលំបន្សល់មកតាំងពីសម័យសង្គមចាស់ ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ ៤៤ ផ្លូវជាតិលេខ៥ក្បែរោងចក្រម៉ាស៊ីនកិនស្រូវ ដែលប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅមកជាប្រចាំ ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កន្លងទៅនេះ ខាងមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ឆ្នាំងធ្លាប់បានចុះសិក្សាដើម្បីស្ថាបនាឡើងវិញម្ដងរូចមកហើយ តែរហូតមកដល់ពេលនេះមិនទាន់ឃើញមានសកម្មភាពសាងសង់នៅឡើយនោះទេ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះពុំទាន់មានលទ្ធភាពស្ថាបនាឡើងវិញ ទើបធ្វើឲ្យជនឱកាសនិយម បោះបង្គោលយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដូច្នេះ ។

ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវនេះបានសុំណូមពរ ដល់អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និង អាជ្ញាធរស្រុកកំពង់ត្រឡាច មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ផង ព្រោះថាពួកគាត់ដែលនៅផ្នែកខាងក្រោយ ពុំមានផ្លូវសំរាប់ចេញចូលនោះទេ ប្រសិនបើម្ចាស់ដីនេះ បានសង់របងបិទផ្លូវរបស់ពួកគាត់នេះ ។

ពាក់ព័ន្ធករណីនេះ លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច មិនអាចទាក់ទងសុំការបំភ្លឺបាននោះទេនៅរសៀលថ្ងៃទី២៣ ខែឧសភានេះ ៕ ចន្ថា


ចែករំលែក៖