ខេត្តកណ្តាល៖ បឹងវាលសំណាប មានទំហំប្រមាណ ៤៨១៥ហិកតា ស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដែលជាបឹងធំបន្ទាប់ពីបឹងទន្លេសាប ហើយក៏ជាអាងស្តុកទឹកដ៏ធំ នៃដៃទន្លេមេគង្គលើ ពេលនេះកំពុងប្រឈមនឹងការរលាយបាត់បង់តាមរយៈអាជ្ញាធរខេត្តកណ្តាល អនុញ្ញាតឲ្យឈ្មួញចាក់ដីលុបបឹងដ៏ធំល្វឹងល្វើយនេះមួយផ្នែក ដើម្បីសាងសង់បុរី ។ អាជ្ញាធរខេត្តកណ្តាលបិទភ្នែកចុះហត្ថលេខា ឲ្យឈ្មួញ វាតទីយកដីបឹងដែលជាដីសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន ។ ប្រភពព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នគេកំពុងកាយជាទំនប់ ទប់យកផ្ទៃដីមួយផ្នែក ដើម្បីចាក់ដីលុបបឹង ប្រយោជន៍សង់បុរីនាថ្ងៃអនាគត ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនសង់បុរី បានចាក់ដី និងកាយទំនប់បានប្រមាណ១៥ភាគរយហើយ ដែលបច្ចុប្បន្ន ពួកគេកំពុងដំណើរការគ្រឿងចក្រ កាយជាទំនប់ ដើម្បីអាចធ្វើផ្លូវទៅថ្ងៃអនាគត ។ នៅពេលដែលកាយទំនប់រួចហើយ គេបូមខ្សាច់ចាក់ រួចអាចនឹងចាប់ផ្តើមការកសាងបុរី នៅតំបន់បឹងវាលសំណាប ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល ។ សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រឿងចក្រកំពុងមមាញឹកក្នុងការឈូសឆាយដី ពោលគឺកាយទំនប់ទាំងយប់ទាំងថ្ងៃ ។ មេការក្រុមហ៊ុនសាងសង់បុរីអះអាងថា គេទទួលបានការអនុញ្ញាតពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដែលយល់ព្រមឲ្យម្ចាស់បុរីលើកទំនប់ នៅតំបន់បឹងវាលសំណាបនេះ ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអះអាងថា ទង្វើរបស់ក្រុមហ៊ុនបុរីប៉េងហួត ដែលប៉ុនប៉ងវាតយកដីសាធារណៈ ធ្វើជាកម្មសិទ្ធិនោះ គឺជារឿងបំពានច្បាប់ប្រទេស ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានកំណត់ផ្ទៃបឹងវាលសំណាបទំហំ៤៨១៥ហិកតា ស្ថិតក្នុងខេត្តកណ្តាលជាសម្បត្តិសាធារណៈរបស់រដ្ឋ ។ ជាក់ស្តែងសព្វថ្ងៃនេះ ផ្ទៃបឹងវាលសំណាបមួយផ្នែកដែលស្ថិតនៅក្នុងឃុំ ពាមឧកញ៉ាអុង និងឃុំសារិកាកែវ កំពុងក្លាយជាកម្មសិទ្ធិឯកជន ហើយវានឹងជាតំបន់បុរីដែលមានតម្លៃខ្ពស់ សាងសង់ដោយក្រុមហ៊ុនបុរីប៉េងហួត ។
លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល បានឲ្យដឹងថា “តំបន់នេះ គេហៅថា តំបន់បឹងវាលសំណាប កន្លែងនេះស្ថិតនៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។ ថ្ងៃនេះយើងបានមកឃើញគ្រឿងចក្រ កាយនៅទីតាំងនេះ ប៉ុន្តែខ្ញុំមិនទាន់កំណត់ថា របស់ក្រុមហ៊ុនណាមួយនោះទេ ជាក់ស្តែង ខ្ញុំបានឃើញគ្រឿងចក្រ ប្រហែលជា ប្រមាណ អាអ៊ិច២គ្រឿង និងឡានបែនអីជាដើម ។ ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាល យោងអនុក្រឹតពិតប្រាកដនេះហើយ យើងនឹងសុំគោលការណ៍ ទៅឯកឧត្តម អភិបាលខេត្ត ទៅឯកឧត្តមរដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍បោះបង្គោល កំណត់បឹង ព្រោះយើងមានអនុក្រឹតរួចហើយ ៤ ៨១៥ ដូច្នេះសុំគោលការណ៍ បោះបង្គោល ដើម្បីកំណត់ឲ្យបានច្បាស់លាស់ រក្សាទុក ៤ ៨១៥ ហិកតានេះ” ។
លោកអ៊ុក វណ្ណា បន្តថា “បន្ទាប់ពីនេះ ខ្ញុំនឹងរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រី ដើម្បីឲ្យលោកមានវិធានការណ៍ ដើម្បីរក្សា អ្វីដែលបានកំណត់ទុកនេះ” ។
លោក អ៊ុក វណ្ណា បានបញ្ជាក់ថា “បឹងនេះ ពីមុនជាអាងស្តុកទឹកមួយ ទឹកជំនន់នៅរដូវវស្សា ទឹកជំនន់ នៅវាលបឹងទាំងអស់នេះ គឺស្តុកទឹកបាន រាប់សិបលានកោដម៉ែត្រគូប មិនមែនត្រឹមចំណុចនេះទេ និយាយទៅ ពេញផ្ទៃទំនាបទាំងអស់ គឺកំណត់ផ្ទៃទឹកធំធេងណាស់ ដើម្បីជួយរំដោះសម្រួលទឹកជំនន់ នៅរដូវវស្សា ។
ពាក់ព័ន្ធករណី ការឡើងទំនប់ ទន្ទ្រានដីបឹងវាលសំណាប ត្រូវបានមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីជលផល ធ្លាប់បានបកស្រាយ បញ្ហាមួយចំនួន ដែលជាកង្វល់ថា បឹងវាលសំណាបនេះ ជាបឹងទឹកសាបទី២ បន្ទាប់ពីបឹងទន្លេសាប សម្រាប់ស្ដុកទឹក និងជាជម្រកមច្ឆាជាតិគ្រប់ប្រភេទ។ ប្រសិនបើបាត់បង់ បឹងធម្មជាតិនេះទៀត រាជធានីភ្នំពេញ មួយភាគធំ នឹងទទួលរងការជន់លិច នៅរដូវវស្សា ដោយសារគ្មានកន្លែងស្ដុក ឬដោះទឹកភ្លៀង។ ចំណែកធនធានមច្ឆាជាតិ នឹងបន្តផុតពូជ ជាបន្តបន្ទាប់ ដោយសារគ្មានជម្រកពងកូន និងផ្ទះប្រជាពលរដ្ឋតាមដងទន្លេ ប្រឈមនឹងការជន់លិច ។
សូមរំលឹកថា លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ធ្លាប់បានថ្លែងកាលពីសប្ដាហ៍មុនថា ការទិញលក់ដីនោះ ពុំស្របច្បាប់នោះទេ ពោលគឺក្រុមឈ្មួញ និងប្រជាពលរដ្ឋទិញ លក់ ដោយខ្លួនឯងតែប៉ុណ្ណោះ ហើយការទិញលក់នោះ ជាទង្វើខុសច្បាប់ ។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានចេញអនុក្រឹត្យមួយ កំណត់ផ្ទៃបឹងវាលសំណាប ទំហំ៤៨១៥ហិកតា ស្ថិតក្នុងខេត្តកណ្ដាល ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
យោងតាមច្បាប់ ស្ដីពីជលផល ឆ្នាំ២០០៦ ត្រង់មាត្រា២៥ បានចែងថា “ការធ្វើទំនប់កាត់ ឬលុបទន្លេ ស្ទឹង ព្រែក អូរ បឹង ប្រឡាយ អាងទឹកនិងអាងធម្មជាតិ ឬការជីកប្រឡាយរណ្ដៅ និងស្រះទ្រង់ទ្រាយធំឬការសាងសង់សំណង់ថ្មីនានា ឬការបូមទឹក ដែលបង្កមហន្តរាយដល់ ធនធានជលផល នៅក្នុងដែននេសាទ ត្រូវមានការសិក្សាវាយតម្លៃពី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ។
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកអះអាងថា ការសម្រេចណាមួយរបស់អាជ្ញាធរខេត្តកណ្តាល គឺមិនត្រឹមត្រូវតាមច្បាប់នោះឡើយ ។ ជាងនេះទៅទៀត ការសំអាងរបស់ឈ្មួញឯកជនទៅលើលិខិតរបស់ថ្នាក់ដឹកនាំខេត្តកណ្តាល ជារឿងមិនត្រឹមត្រូវនោះឡើយ ។ ថ្នាក់ដឹកនាំខេត្តកណ្តាលគ្មានសិទ្ធិក្នុងការផ្តល់ដីដែលជាសម្បត្តិសាធារណៈរបស់រដ្ឋឲ្យទៅក្រុមហ៊ុនឯកជននោះឡើយ ។ ដូច្នេះ ការសំអាងឬលើកហេតុផលទៅលើលិខិតស្នាមទាំងឡាយដែលចុះហត្ថលេខាដោយអាជ្ញាធរខេត្តកណ្តាល គឺគ្មានប្រសិទ្ធភាពនោះឡើយ ។
ករណីដែលឈ្មួញឯកជននៃក្រុមហ៊ុនបុរីប៉េងហួតចាក់ដីលុបបឹងវាលសំណាប ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាលធ្វើជាកម្មសិទ្ធិឯកជន ញាំងឲ្យមានប្រតិកម្មពីប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ខេត្តកណ្តាល និងក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ករណីនេះ អាជ្ញាធរខេត្តកណ្តាលគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ។ គេរំពឹងថា ថ្នាក់ដឹកនាំខេត្តកណ្តាលនឹងបកស្រាយករណីកាត់ដីបឹងវាលសំណាបឲ្យក្រុមហ៊ុនប៉េងហួតសាងសង់បុរី ដើម្បីឲ្យពលរដ្ឋខ្មែរទូទាំងប្រទេសជ្រះមន្ទិលសង្ស័យ ៕ ហេង សូរិយា