ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបាត់មួយគ្រឿង ឆ្កែ២ក្បាលងាប់ សង្ស័យក្រុមចោរចូលលួច និងដាក់ថ្នាំបំពុល នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សត្វឆ្កែ២ក្បាលបានងាប់ សង្ស័យជនសង្ស័យដាក់ថ្នាំបំពុល ហើយម៉ូតូ ហុងដាសេ១២៥ មួយគ្រឿងបានបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះអុក វណ្ណា ហៅម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ស៊ុត ផល្លី អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ចំណែកម៉ូតូ ដែលបាត់បង់ម៉ាកហុងដា សេ ១២៥ ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J៧២៦៨ រីឯសត្វឆ្កែងាប់២ក្បាល សង្ស័យត្រូវថ្នាំបំពុលរបស់ក្រុមជនសង្ស័យ ។

តាមម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុ បន្ទាប់ពីហូបបាយពេលយប់រួចក្រុមគ្រួសារក៏បានឡើងទៅលើផ្ទះគេងដូចសព្វដង ខណៈបានយកម៉ូតូអូសចូលបន្ទប់ក្រោមផ្ទះ លុះនៅវេលាម៉ោង៤ទៀបភ្លឺ ចុះក្រោមផ្ទះដើម្បីបត់ជើងតូច និងបង្កាត់ភ្លើងដាំបាយ ក្រឡេកមើលបន្ទប់ ឃើញចំហរទ្វារ បង្កការភ្ញាក់ផ្អើលតែម្ដង ។

សមត្ថកិច្ចចុះធ្វើកំណត់ហេតុ ដើម្បីស្វែងរកមុខសញ្ញាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖