ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ (គាស់ទំលុះទំលាយផ្ទះ) លួចយកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និង ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ អុន រ៉ាម៉ាញ ហៅ ត្រេន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ ទិញអេតចាយ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានធ្វើសកម្មភាព យកកន្ត្រៃកាត់ដែក កាត់ មេសោរ ផ្ទះមួយកន្លែង ម្ចាស់ផ្ទះ ឈ្មោះ ហែម ពិសី ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរវិស្វករ បច្ចុប្បន្នរស់នៅភូមិទ្រាមួយ សង្កាត់ស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ ដែលបានចាក់សោរផ្ទះទុកចោល ក្នុងពេលធ្វើសកម្មភាពនោះ ជនសង្ស័យត្រូវបានកម្លាំងយើងឃាត់ខ្លួនយកមកសួរនាំតែម្ដង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ អុន រ៉ាម៉ាញ ហៅ ត្រេន បានឆ្លើយសារភាពថារូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ។
លោកឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការរង ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ៕ ប៊ុនរិទ្ធី