ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់ពីលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិបានសម្រេច ចុងក្រោយសមត្ថកិច្ចវៃខ្នោះបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ ខេត្តសៀមរាបបានឃាត់់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយផ្ទះ )លួចយកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ០៣ និង ២០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប លុះដល់វេលាម៉ោង ១៩ និង ០០នាទីយប់ ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវ និងឃាត់់ ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទី ១ ឈ្មោះ ដារិទ្ធ គណរ៉េ ហៅ រ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ បុគ្គលិកអ៊ីនធើណេត បច្ចុប្បន្នរស់នៅភូមិ មណ្ឌល៣, ទី២ ឈ្មោះ អុី សាក់ ហៅ ដូច ភេទប្រុស អាយុ ១៦ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង និងទី៣.ឈ្មោះ សេក សុវណ្ណវាសនា ហៅ និត ភេទ ប្រុស អាយុ ១៥ ឆ្នាំ នៅភូមិត្រពាំងសេះ ។

តាមដំណើររឿងកាលពីវេលាម៉ោង ០៣ និង ២០នាទី យប់ឈានចូល ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយ ) ដែលបង្កឡើងដោយជនសង្ស័យ ០៣នាក់ មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពឡើងផ្លោះរបងចូលគាស់បង្អួចក្នុងផ្ទះសំណាក់ យីហោ អសាំងហៅស៏វីឡា មានទីតាំងស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម លើជនរងគ្រោះ ឈ្មោះ ស៊ី វន្នី ភេទស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិកើតហេតុ ជនសង្ស័យ បានលួចយកទូរស័ព្ទ៣គ្រឿង មានម៉ាក sumsung galaxy S8 មួយគ្រឿង ម៉ាក sumsung galaxy S6 មួយ គ្រឿង ម៉ាក IPhone 5S មួយគ្រឿង កុំព្យូទ័រ Laptop ម៉ាក Apple មួយគ្រឿង និងប្រាក់ ៤០០$ ក្រោយពេលធ្វើសកម្មភាព ហើយជនសង្ស័យបានគេចខ្លួនបាត់ ។

រហូតមកដល់វេលាម៉ោង ១៩ និង ០០នាទីយប់ ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩ យើងបានស្រាវជ្រាវ និងឃាត់់ ខ្លួនជនសង្ស័យទាំង ០៣នាក់ខាងលើ យកមក សាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចករណីខាងលើនេះពិតប្រាកដមែន ។ កន្លងមកពួកខ្លួនធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះបានសម្រេច ក្នុងក្រុងសៀមរាប ចំនួន០៩កន្លែងមានស្វាយដង្កំ ០៣ករណី សាលាកំរើក ០១ករណី សង្កាត់ជ្រាវ ៥ករណី ។

ក្រោយសួរនាំសមត្ថកិច្ចបានដកហូតវត្ថុតាងបាន ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Sumsung Galaxy S6 ពណ៌ស ឲ្យទៅជនរងគ្រោះវិញ ។

លោក ឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការរង ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយកាលព្រឹក ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៩នេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖