ព័ត៌មានទាន់ហេតុការណ៍៖

២០មិថុនាក្រសួងការពារជាតិប្រារព្ធខួប៤២ឆ្នាំដំណើរសមមិត្តហ៊ុន សែនឆ្ពោះទៅផ្ដួលរំលំប៉ុលពត

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ=ឈ្នះបានថ្លែងឲ្យដឹងថា ក្រសួងការពារជាតិនឹងប្រារព្ធខួប៤២ឆ្នាំនៃដំណើររបស់សមមិត្ត ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្ដួល រំលំរបបប្រល័យពូជសាសន៍ប៉ុលពត ខណៈខួបនេះនៅសល់តែ១០ថ្ងៃទៀត (២០មិថុនា ១៩៧៧–២០មិថុនា ២០១៩)។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅពីមុខ វិមានឈ្នះ=ឈ្នះកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ លោកនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា ប្រវត្តិ សាស្ត្ររបស់សមមិត្តហ៊ុន សែន និងសម មិត្តរួមដំណើរផ្សេងៗទៀតមិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅ ប្រថុយប្រថានជាមួយបរទេស (ស្នើសុំ កម្លាំងវៀតណាម) ដើម្បីជួយរំដោះប្រទេសជាតិឲ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរ ក្រហម ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់ សព្វថ្ងៃនេះ។

ខួបលើក ៤២ឆ្នាំនៃទិវាចងចាំ ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជ សាសន៍ប៉ុល ពត (២០មិថុនា ឆ្នាំ១៩៧៧-២០មិថុនា ឆ្នាំ២០១៩) នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ស្ថិតនៅតំបន់កោះថ្ម ឃុំទធ្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តដំណើរចូលទៅក្នុងប្រទេសវៀតណាម ដើម្បីរំលឹកនូវការចងចាំនៃទីតាំងសំខាន់ៗ ក្នុងការចាប់ផ្ដើមតស៊ូរបស់សមមិត្តហ៊ុន សែន លើសមភូមិរំដោះជាតិ និងប្រជាជនកម្ពុជាកាលពីជាង៤០ឆ្នាំមុន។

លោកនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់បន្ថែមថា ទិវាចងចាំ នៃដំណើរ ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិតដើម្បីជាតិមាតុភូមិ ត្រូវបានឆ្លាក់ នៅវិមានឈ្នះ ឈ្នះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ ពីប្រវត្តិ នៃការតស៊ូរបស់សម្ដេច និងសមមិត្តរួម ដំណើរផ្សេងៗទៀត។

ជាមួយនឹងការប្រារព្ធខួប ៤២ឆ្នាំនៅ ភូមិកោះថ្ម ឃុំទធ្លូង ស្រុកមេមត់នេះដែរ នៅវិមានឈ្នះ=ឈ្នះ ក៏នឹងប្រារព្ធកម្មវិធីនេះដោយនឹងប្រព្រឹត្ត ទៅជាមួយនឹងការ បើកនូវសារមន្ទីរ ដែលផ្ទុកដោយឯកសារ ជាច្រើនទាក់ទង នឹងប្រវត្តិសាស្ត្រដ៏ជូរចត់ របស់សមមិត្តហ៊ុន សែន និងមិត្តរួមដំណើរដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្រទេសជាតិទាំងមូលឲ្យរួចផុតពី របបប៉ុល ពត ឲ្យប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាផង ដែរ៕ ហេង នរិន្ទ្រ


ចែករំលែក៖