ភ្នំពេញ៖ បន្ទាប់ពីបានបំពេញបេសកកម្មប្រកបដោយជោគជ័យ នៅប្រទេសសិង្ហបុរី រយៈពេល៤ ថ្ងៃ ដឹកនាំដោយលោក ឧកញ៉ាអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង គគណៈប្រតិភូកម្ពុជាជាច្រើនរូបទៀត បានអញ្ជេីញនិវជេីញនិវត្តមកដល់មាតុប្រទេសវិញហើយ កកាលពីរាត្រីថ្ងៃពុធ១០ កើត ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្នុងដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃនៅសិង្ហបុរី កម្ពុជាទទួលបានការគាំទ្រគម្រោងនានាជាច្រើន ដើម្បីអភិវឌ្ឍន៍ ជូនដល់សហគមន៍ខ្មែរឥស្លាម ឲ្យមាន ការរីកចម្រើនទៅថ្ងៃអនាគត ។
តាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងដំណើរទស្សនកិច្ចនោះថា៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ រូបលោក រួមនិងគណៈប្រតិភូកម្ពុជា ជាច្រើនរូបទៀត បានឆ្ពោះទៅ កាន់ប្រទេសសិង្ហបុរី ដេីម្បីទស្សនកិច្ច និង ពង្រឹងកិច្ចសហប្រតិបត្តិការ លេីការងារមនុស្សធម៌ និងផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេ សគ្រប់គ្រងវិស័យឥស្លាមនានា ។ ក្នុងនោះ នៅរសៀលថ្ងៃទី ១០ មិថុនា ២០១៩ រូបលោក ក៏ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក បណ្ឌិត H.E Dr. Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និង កិច្ចការសាសនាឥស្លាមសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងវិស័យឥស្លាម ជាពិសេស ការផ្លាស់ប្ដូរបទពិសោធន៍ និងការរៀបចំបច្ចេកទេសកាន់តែបានល្អប្រសើរនូវនិតិវិធីគ្រប់គ្រងហាជ្ជី(ធម្មយាត្រា) វិស័យហ្សាកាត់(បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាលផងដែរ និងបានអបអរសាទរកម្ពុជាចូលជាសមាជិកភាព “MABIMS” ដែលជាជំនួបប្រចាំឆ្នាំក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនាឥស្លាម ដែលមានប្រទេសប្រ៊ុយណេដារ៉ូសាឡឹម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី ដែលឆ្នាំនេះ សិង្ហបុរីជាម្ចាស់ផ្ទះ ។
លោកក៏បានរំលឹកថា៖ MABIMS ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៧ សីហា ១៩៨៩ នៅបនៅប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៌ និងដោះស្រាយបញ្ហាកិច្ចការសាសនាឥស្លាមទូទៅ ដោយមិនជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុង ដល់ប្រទេសជាសមាជិក ។
លោកឲ្យដឹងទៀតថា៖ នៅព្រឹកថ្ងៃទី១១ មិថុនា ២០១៩ រូបលោក ក៏បាន អញ្ជើញចូលជួបពិភាក្សាការងារ និង សហប្រតិបត្តិការជាមួយ លោកបណ្ឌិត Prof Dr. Mohd Hasbi Abu Bakar ប្រធានសមាគមឥស្លាមសិង្ហបុរី ដែលជាសមាគមចាស់ជាងគេ បានដំណើរជាង ៨៧ ឆ្នាំ លើវិស័យមនុស្សធម៌ សិក្សាធិការ សុខុមាលភាព និង ឃោសនាអប់រំ ។ សម្រាប់កម្ពុជា លោកបណ្ឌិតប្រធានសមាគម ក៏បានសន្យាបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសាងសង់វិហារ សាលារៀន ផ្តល់អាហារូបករណ៍សិក្សានៅសិង្ហបុរី អណ្តូងទឹក សង្រ្គោះបន្ទាន់ ទឹកជំនន់ជាដើម ។
លោកបានបន្ដថា៖ នៅរសៀលថ្ងៃទី ១១ មិថុនា ២០១៩ រូបលោកក៏បានចូលជួបពិភាក្សាការងារ ជាមួយ លោកបណ្ឌិត Tuan Haji Dr. Mohamed Fatris Bin Bakaram ចាងហ្វាង និងជាគណៈដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាឥស្លាមសិង្ហបុរី (MUIS) ដែលជាស្ថាប័នកំពូលឥស្លាមសិង្ហបុរី ។
ក្នុងឱកាសនោះដែរ លោកចាងហ្វាងក្រុមប្រឹក្សាឥស្លាមសិង្ហបុរី ក៏បានឯកភាពគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការរៀបចំបច្ចេកទេស ឲ្យកាន់តែបានល្អប្រសើរឡើង នូវនិតិវិធីគ្រប់គ្រងហាជ្ជី(ធម្មយាត្រា) វិស័យហ្សាកាត់(បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ(ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាល ខណៈដែល MUIS មានបទពិសោធន៍លើកិច្ចខាងលើជាង ៥០ឆ្នាំ មកហេីយ ។
ជាមួយគ្នានេះ លោកបណ្ឌិត ចាងហ្វាង MUIS ក៏បានថ្លែងអបអរដល់សហគមន៌ឥស្លាមទូទាំងប្រទេស ដែលបានរស់នៅប្រកបដោយសុខសន្តិភាព និង សុខដុមនីយកម្មដោយគ្មានការរើសអើងជម្លោះជាតិសាសន៌ គោរពស្រឡាញ់គ្នា ក្រោម ម្លប់ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យមានតំណាងជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសសិទ្ធិសេរីភាពពេញ លេញតាមជំនឿសាសនារបស់ខ្លួន៕ សំរិត