ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មានឈ្មួញតែពីរនាក់ប៉ុណ្ណោះ ង៉ោ ម៉ៅ និងកោះ សំភី មានសិទ្ធិផ្តាច់មុខដឹកឈើចេញពី​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

ចែករំលែក៖

បទល្មើសនៃការដឹកជញ្ជូនឈើ​ចេញពីដែនជម្រកសត្វព្រៃ​ភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ បាននិងកំពុងកើតឡើងជាបន្តបន្ទាប់យ៉ាងគគ្រឹកគគ្រេង ហើយគេដឹងថា មានឈ្មួញពីរនាក់ ដែល​ជាអ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកឈើ​ចេញពីតំបនដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺលោក កោះ សំភី ហៅ ហយ និងលោក ង៉ោ ម៉ៅ ហៅ ចាន់ ឃាង ។ ពួកគេទាំងពីរនាក់​មានអំណាច និងសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់​ស្រុកនានានៃខេត្តពោធិ៍សាត់​ ឆ្លងផ្លូវជាតិលេខ៥ ឆ្ពោះទៅរាជធានីភ្នំពេញ ។ ក្រៅពីនោះ ក៏មានឈ្មួញម្នាក់ទៀត ដែលជាអ្នកមានសិទ្ធិផ្តាច់មុខក្នុងការដឹកឈើចេញពីតំបន់ដែនជម្រកឆ្ពោះទៅខេត្តកំពង់ស្ពឹ ។

ប្រភពរាយការណ៍ថា ង៉ោ ម៉ៅ ហៅ ចាន់ ឃាង ក៏ដូចជា កោះ សំភី ហៅ ហ៊ុំ ហយ ទទួលសិទ្ធិផ្តាច់មុខក្នុងការដឹកឈើចេញពីតំបន់​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យកមករក្សាទុកនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ឈ្មួញទាំងពីរនាក់ ធ្វើសកម្មភាពជារៀងរាល់​ថ្ងៃ និងបើកចំហរ ដោយមិនខ្លាចសមត្ថកិច្ចនោះឡើយ ។ ពួកគេ មានសិទ្ធិគ្រប់គ្រាន់ ក្នុងការដឹកឈើច្រើនប្រភេទ ដូចជារាជកុល, ផ្ចិក, សុក្រំ និងឈើអារជាច្រើនទៀត ។ ឈើដែលដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺដឹកតាមរថយន្តកែច្នៃ ឬក៏ត្រាក់ទ័រកែច្នៃ ។ បន្ទាប់មក ទើបមានរថយន្តធំៗ របស់ឈ្មួញ ហ៊ុំ ហយ ឬ ង៉ោ ម៉ៅ ដឹកបន្តតាមគោលដៅផ្សេងៗ ។ ឈ្មួញទាំងពីរនាក់នេះ ជាអ្នកមានសិទ្ធិ ដឹកតាមផ្លូវជាតិលេខ​៥ ឯឈ្មួញម្នាក់ទៀត ជាអ្នកដែលមានសិទ្ធិផ្តាច់មុខ​ក្នុងការដឹកឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងខេត្តកំពង់ស្ពឺ ឆ្ពោះទៅខេត្តកំពត ចូលទៅប្រទេសវៀតណាម ។

បើតាមសេចក្តីរាយការណ៍ថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើ​នៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានកើតមានធម្មតា ដូចប្រជាពលរដ្ឋរកស៊ីស្របច្បាប់ប្រទេសទូទៅ​យ៉ាងដូច្នោះដែរ ។ មន្ត្រីបរិស្ថាន ប្រចាំតំបន់ ជាអ្នកដែល​បើកសិទ្ធិឲ្យមានការកាប់បំផ្លាញ ជាប្រព័ន្ធនៅ​ក្នុងតំបន់ដែនជម្រក ។ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្រោមអំណាចគ្រប់គ្រង​របស់លោក ប៉ាន់ មរកត រួមទាំង​ក្រសួងបរិស្ថានផង មិនដែលខ្វល់អំពល់នឹងដំណើរឆ្ពោះទៅរកមហន្តរាយព្រៃឈើ នៅក្នុងតំបន់ដែនជម្រកនោះឡើយ ។ ហេតុដូច្នេះហើយ បានជា​ប្រជាពលរដ្ឋទាំងហ្វូងចូលព្រៃដើម្បីកាប់ឈើលក់ឲ្យឈ្មួញ ។ មន្ត្រីបរិស្ថាន រីករាយ​នៅពេលដែលឃើញ ប្រជាពលរដ្ឋចូលព្រៃ ពីព្រោះបើគ្មានពលរដ្ឋចូលព្រៃទេ ពួកគេគ្មានប្រាក់ដាក់ហៅប៉ៅធ្វើមានបានឡើយ ៕


ចែករំលែក៖