ខេត្តឧត្ដរមានជ័យ៖ លោក លឹម សុខតូ អភិបាលរងខេត្តឧត្ដរមានជ័យ កំពុងតែគំរាមកំហែងមកលើសិទ្ធិសេរីភាពសារព័ត៌មាន ក្នុងការបញ្ចេញមតិ រិះគន់ដើម្បីស្ថាបនា ទៅលើរូបលោក ។
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីនេះ លោក លឹម សុខតូ អភិបាលរងខេត្តឧត្ដរមានជ័យបានបង្ហោះសារតាមបណ្ដាញសង្គម នៅលើអាខោនហ្វេសបុកផ្ទាល់ខ្លួនរបស់លោកឈ្មោះ Lim sokto បញ្ជាក់ថា «ខ្ញុំធ្វើការងារបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់គោរពតាមគោលការណ៍ច្បាប់ និងថ្នាក់ដឹកនាំខេត្តហើយ ក៏មិនបានឃុបឃិតជាមួយមន្រ្ដីណាមួយទាថ្លៃសេវាលើការកំណត់ពីប្រជាពលរដ្ឋឡើយ ។ ខ្ញុំ និងប្ដឹងទៅតុលាការចំពោះអ្នកព័ត៌មានណា បើនៅតែបន្តផ្សាយបង្ខូចកិត្តិយសខ្ញុំតទៅទៀត» ។
សារគំរាមរបស់លោក លឹម សុខតូ បានង្ហោះនៅលើអាខោនហ្វេសបុកផ្ទាល់ខ្លួនរបស់លោក ក្រោយពេលសារព័ត៌មានជាច្រើនបានសរសេររិះគន់វាយប្រហាទៅលើរូបលោក និងលោក អាន់ សំអាត ប្រធានការិយាល័យ ច្រក ចេញ ចូល តែមួយសាលាខេត្តឧត្ដរមានជ័យ ថាបានឃុបឃិតប្រព្រឹត្តអំពើពុករលួយ ក្នុងការចុះហត្ថលេខា និងត្រា ទៅលើសៀវភៅឆ្លងដែន ដោយមិនមានការត្រួតពិនិត្យរាល់ឯកសារពាក់ពន្ធ័ ឆ្លងកាត់រដ្ឋបាល ដែលផ្ទុយ នឹងបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ ។
រហូតមកទល់នឹងពេលនេះ លោក លឹម សុខតូ អភិបាលរង ខេត្តឧត្ដរមានជ័យ លោកមិនទាន់ឆ្លើយតប ចំពោះកំហុសឆ្គង ដែលលោកបានចុះហត្ថលេខា គ្មានការត្រួតពិនិត្យរាល់ឯកសារពាក់ពន្ធ ស្របតាមច្បាប់របស់ក្រសួងនៅឡើយ បែរជាលោកបង្ហោះសារគំរាមប្ដឹងអ្នកសារព័ត៌មានទៅវិញ នេះអាចបញ្ជាក់បានថា÷ លោក លឹម សុខតូ មានចេតនាលាក់បាំងរឿងអាស្រូវរបស់ខ្លួន មិនគោរពតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ បែរជាមកគំរាមកំហែងអ្នកសារព័ត៌មាន មិនឲ្យបញ្ចេញមតិ នេះជាអំពើរំលោភសិទ្ធិ និងគំរាមកំហែងលើសិទ្ធិសេរីភាពសារព័ត៌មានក្នុងការបញ្ចេញមតិ ៕ ប៉ែននួន