ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់បណ្តាលឱ្យស្លាប់ និងរងបួសមនុស្ស២នាក់ ខូចខាតផ្ទះ៣៨ខ្នង នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមរបាយការណ៍បឋមតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ក្នុងខេត្តបន្ទាយមានជ័យឱ្យដឹងថា ខ្យល់កន្រ្តាក់បានបក់បោកចំខេត្តបន្ទាយមានជ័យបណ្តាលឱ្យមនុស្ស១នាក់ស្លាប់ និងរងរបួសធ្ងន់១នាក់ក្នុងនោះមានផ្ទះ៣៨ខ្នងរងការខូចខាតធ្ងន់និងស្រាល ។ សេចក្តីរាយការណ៍ឱ្យដឹងថាខ្យល់កន្រ្តាក់បានកើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ប៉ះពាល់លើស្រុកក្រុងចំនួន៥គឺក្រុងប៉ោយប៉ែត, ក្រុងសិរីសោភ័ណ, ស្រុកស្វាយចេក, ស្រុកព្រះនេត្រព្រះនិង ស្រុកម៉ាឡៃ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា នៅក្រុងប៉ោយប៉ែតខ្យល់កន្ត្រាក់បណ្តាលឱ្យមនុស្សស្លាប់១នាក់ដោយខ្យល់បក់កួចយ៉ាងខ្លាំងដួលរលំជណ្តើដែកស្លាកប៉ាណូក្រុមហ៊ុនកាស៊ីណូ (ភែរ៉ាមែក) ធ្លាក់មកលើជនរងគ្រោះបែកក្បាលធ្ងន់ធ្ងរបញញជូនដល់មន្ទីរពេទ្យស្លាប់ខណៈជនរងគ្រោះឈ្មោះ សាយ សុភី ភេទប្រុស អាយុ៣២ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅភូមិមណ្ឌល២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជិះម៉ូតូនៅក្រោមស្លាកប៉ាណូកាស៊ីណូ (ភែរ៉ាមែក)នោះ ។ ក្រុងប៉ោយប៉ែតសង្កាត់និមិត្តបណ្តាលឱ្យខូចខាតផ្ទះ៥ខ្នងថែមទៀត ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ខ្យល់កន្ត្រាក់លាយឡំជាមួយនិងភ្លៀងនោះផងទៀតបានបង្កឱ្យរងរបួសធ្ងន់ប្រជាពលរដ្ឋម្នាក់នៅឃុំជប់វារី ស្រុកព្រះនេត្រព្រះដោយផ្ទះរលំត្រូវ ។ ជនរងគ្រោះបន្ទាប់មកត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។ ក្នុងនោះបណ្តាលឱ្យខូចខាតផ្ទះចំនួន៦ខ្នង ។ មិនតែប៉ុណ្ណោះខ្យល់កន្ត្រាក់នោះក៏បានបង្កឱ្យខូចខាតផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ៨ខ្នង បង្កខូចខាតផ្ទះប្រជាពលរដ្ឋនៅស្រុកស្វាយចេក១៨ខ្នង និងខូចខាតផ្ទះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ១ខ្នង ។

សូមបញ្ជាក់ថាខេត្តបន្ទាយមានជ័យនៅក្នុងឡុងដើមឆ្នាំ២០១៩ ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នងមកហើយបានរងការខូចខាតជាបន្តបន្ទាប់ដោយខ្យល់កន្រ្តាក់។ជាងនេះទៀតប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះដោយរន្ទះបាញ់ស្លាប់និងរងបួសផងដែរ៕សំ វិច្ឆិកា


ចែករំលែក៖