ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ គួរមានយុត្តិធម៌សម្រាប់ឈ្មួញផង

ចែករំលែក៖

ខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងតាមមើលព័ត៌មាន​ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើស​ព្រៃ​ឈើ​នៅខេត្តមណ្ឌល​គិរី ។ ខ្ញុំបាទសាទរ​ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការ​ចាត់វិធានការចំពោះឈ្មួញ ដែលរកស៊ីល្មើសច្បាប់ ។ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការចំពោះអាជ្ញាធរដែលពាក់ព័ន្ធ ឬអ្នកបណ្តែតបណ្តោយ​ឲ្យមានបទល្មើសព្រៃឈើ​នេះនៅឡើយទេ ។ ដូច្នេះ​នៅពេលខាងមុខ មន្ត្រីដែលឃុបឃិត​បណ្តែតបណ្តោយឲ្យមានបទល្មើស អាចនឹង​ត្រូវរ៉ូវជាមួយពួកឈ្មួញដទៃទៀត ប្រព្រឹត្តបទល្មើសនៅថ្ងៃក្រោយទៀត ។ ដូច្នេះ អាជ្ញាធរថ្នាក់ជាតិគួរកាត់ឫសគល់​នៃបទល្មើសនេះ ពោលគឺ​ត្រូវមានអ្នកទទួលខុសត្រូវ​ខាងអាជ្ញាធរ​ឲ្យប្រឈមចំពោះមុខច្បាប់ផង មិនមែនត្រឹមតែពួកឈ្មួញ ក្រុមស៊ឹង សំអុល​នោះទេ ។

មិនមែនតែ​ខ្ញុំបាទម្នាក់នោះទេ ដែលដឹងរឿងខ្លះៗ អំពីបញ្ហាបទល្មើស​ព្រៃឈើ​នៅខេត្តនេះ ។ ប៉ុន្តែមន្ត្រីរាជការ ប្រជាពលរដ្ឋធម្មតា សុទ្ធតែបានដឹងថា ការរកស៊ីល្មើសច្បាប់របស់ឈ្មួញ ស៊ឹង សំអុល អាចដំណើរការដោយរលូន​រហូតមានរថយន្តធំៗជាង៤០គ្រឿង​ចូលក្នុងព្រៃ​ដើម្បីដឹកឈើចេញនោះ គឺមានពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៅខេត្តមណ្ឌលគិរីនោះតែម្តង ។ ពោលគឺសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សុទ្ធតែទទួល​បានលាភសក្ការពី​ឈ្មួញ ស៊ឹង សំអុល ដូច្នេះ គួរតែមាន​អាជ្ញាធរ​ថ្នាក់ខ្ពស់រួមទទួលខុសត្រូវក្នុងការបណ្តែតបណ្តោយ​ឲ្យមាន​បទល្មើសនេះ នៅគ្រាដែលគេដឹងថា កូនប្រសារបស់ថ្នាក់ដឹកនាំខេត្ត ជំពាក់វាក់វិន​ក្នុងបទល្មើសព្រៃឈើនេះដែរ ។ ករណីនេះ ពលរដ្ឋ មន្ត្រី​រាជការ ក្នុងខេត្ត​មណ្ឌលគិរី សុទ្ធតែដឹងគ្រប់ៗគ្នា ។

យុទ្ធនាការប៉ុន្មានថ្ងៃនេះ ហាក់ដូចជាបានធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹម ពីព្រោះថា មានជនពាក់ព័ន្ធនឹងបទល្មើសនេះជាច្រើននាក់ មិនត្រូវបានសមត្ថកិច្ចចាត់វិធានការនោះឡើយ ផ្ទុយទៅវិញ មានតែក្រុមឈ្មួញស៊ឹង សំអុលប៉ុន្មាននាក់ប៉ុណ្ណោះ ដែលត្រូវបានឃាត់ខ្លួន ។ ការដែលអាជ្ញាធរមានសមត្ថកិច្ច​មិនចាត់វិធានការជនពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់រដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹម ហើយថា ការអនុវត្តច្បាប់នេះ ហាក់ដូចជាមិនបានគ្រប់ជ្រុងជ្រោយ ឬជាការអនុវត្តច្បាប់សម្តៅតែទៅលើបុគ្គលស៊ឹង សំអុល និងគូកនប៉ុណ្ណោះ ។ ដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋជឿជាក់ទៅលើ​ការអនុវត្តច្បាប់សម្រាប់មនុស្សទូទៅ គួរតែចាត់វិធានការផងដែរ​ចំពោះអាជ្ញាធរថ្នាក់ដឹកនាំខេត្ត ដែលគេជឿថា មានពាក់ព័ន្ធយ៉ាងជ្រៅ​ក្នុងជំនួញឈើដ៏ធំធេងនេះ ។

ក្រៅតែពីអាជ្ញាធរខេត្ត ដែលជាអ្នកមានសិទ្ធិ​អនុញ្ញាតឲ្យមានបទល្មើសនោះ ក៏មានមន្ត្រីមានសមត្ថកិច្ចមួយចំនួនទៀតដែលគេដឹងឮគ្រប់ៗគ្នាថា ក៏មានជាប់ពាក់ព័ន្ធក្នុងបទល្មើសទ្រង់ទ្រាយធំនេះដែរ ហើយឈ្មួញក៏មិនមែនមានតែក្រុមឧកញ៉ាស៊ឹង សំអុលនោះដែរ ដែល​ជាអ្នករកស៊ីឈើនៅក្នុងខេត្តមណ្ឌលគិរី ។ ព្រៃឈើ​នៅតំបន់ណាំលៀ ក៏រងនូវការកាប់បំផ្លាញពីសំណាក់ក្រុមលោក សារឿន ម៉ាប់ ក្រោមការសម្របសម្រួល​របស់នាយកដែនជម្រកសត្វព្រៃនេះដែរ ។ នាយកដែនជម្រកសត្វព្រៃត្រូវគេបង្ហើបថា ក្រៅតែពីជាប់ពាក់ព័ន្ធជាមួយឈ្មួញសារឿន ម៉ាប់ ក៏ជាអ្នកដើរតួនាទីជាអ្នកសម្របសម្រួលបទល្មើសនៅក្នុងខេត្តនេះតែម្តង ។ គាត់ជាមេដ្យាទ័រ ដ៏ធំ ដែលក្លាយទៅជាឧកញ៉ា តែមួយប៉ព្រិចភ្នែកដោយសារតែការរួមចំណែក​កសាងបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖