នៅខេត្តបាត់ដំបង អ្វីដែលគួរចាប់អារម្មណ៍ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ គឺករណីចោរគាស់ផ្ទះ បានកើតឡើងជាញឹកញាប់ ច្រើនជាបណ្តាខេត្តនានា ហើយជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចមិនសូវជាបានចាប់ជនសង្ស័យយកមកផ្តន្ទាទោសនោះឡើយ ។ នៅខេត្តបាតដំបងនៃខ្ញុំ មិនថាតែក្រុងបាត់ដំបងនោះទេ សូម្បីតែនៅតាមបណ្តាមូលដ្ឋានដាច់ស្រយាល់ ក៏មានករណីចោរគាស់ផ្ទះ ទាំងថ្ងៃកើតឡើងដែរ ។ ករណីនេះ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទយល់ឃើញថា ដោយសារតែសមត្ថកិច្ចមានសមត្ថភាពខ្សោយ ទើបធ្វើឲ្យចោរកំប៉ិកកំប៉ុកមើលងាយ ហើយជារឿយៗ ចោរគាស់ផ្ទះទាំងនោះ មិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការដើម្បីយកមកផ្តន្ទាទោសនោះឡើយ ។
ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំបាទសង្កេតឃើញថា ករណីចោរគាស់ផ្ទះ ជួនកាលធ្វើឡើងទាំងព្រឹក នៅគ្រាដែលម្ចាស់ផ្ទះចេញទៅផ្សារ ឬទៅបម្រើការងារបាត់ ។ អាជ្ញាធរមានសមត្ថកិច្ចបានត្រឹមតែហៅម្ចាស់ផ្ទះឲ្យមកធ្វើកំណត់ហេតុសួរនាំតែប៉ុណ្ណោះ ។ គេមិនសូវឃើញ សមត្ថកិច្ចចាប់បានជនសង្ស័យ ដែលជាចោរគាស់ផ្ទះយកមកដាក់ទោសនោះឡើយ ។ ការដែលសមត្ថកិច្ចមិនអាចចាប់ជនសង្ស័យបាន គឺជាមូលហេតុធ្វើឲ្យពួកចោរទាំងនោះបានចិត្ត និងបន្តសកម្មភាពជារឿយៗ ។ ករណីចោរគាស់ផ្ទះ និងចោរលួច គឺបានកើតឡើងជាហូរហែ ស្ទើរលស់ថ្ងៃខ្លាំងណាស់ ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច ពីព្រោះសកម្មភាពពួកចោរគាស់ផ្ទះជួនកាលធ្វើឡើងទាំងថ្ងៃ ហើយជាពិសេសទៅទៀតនោះ មិនថាផ្ទះប្រជាពលរដ្ឋនោះទេ សូម្បីតែផ្ទះមន្ត្រីរាជការ, គ្រូបង្រៀន… ក៏ពួកចោរធ្វើសកម្មភាពដែរ ។
ខ្ញុំបាទបានតាមដានចំពោះព័ត៌មានពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសង្គមនោះសង្កេតឃើញថា ខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងករណីចោរគាស់ផ្ទះ ហើយក៏មិនឃើញមានសមត្ថកិច្ចបំបែកសំណុំរឿងបានភ្លាមៗនោះដែរ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ មិនដឹងថា តើសមត្ថកិច្ចមិនមានសមត្ថភាពក្នុងការបំបែកសំណុំរឿង ឬក៏«ខ្ជិល» ក៏ព្រោះតែជនរងគ្រោះមិនមែនជា«សាច់ឯង» ក៏ទុកឲ្យរឿងនេះទៅតាមដំណើរ ។ ប្រសិនបើសមត្ថកិច្ចខ្ជិល វាជារឿងមួយ ប៉ុន្តែបើសមត្ថកិច្ចគ្មានសមត្ថភាព ក្នុងការវែកមុខរកពួកចោរនោះ វាជារឿងមួយទៀត ។ យ៉ាងណាក៏ដោយ ខ្ញុំបាទជាប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការក្តៅម៉ត់ចត់បន្តិចក្នុងការបង្ក្រាបពួកចោរគាស់ផ្ទះទាំងនោះឲ្យបានហ្មឹងម៉ាត់ ។ បើតាមសមត្ថភាពរបស់សមត្ថកិច្ចសព្វថ្ងៃនេះ គឺប្រជាពលរដ្ឋនៅខេត្តបាត់ដំបងហាក់ដូចកំពុងរងារខ្លាំងណាស់ ៕ ប្រជាពលរដ្ឋម្នាក់