លំនៅឋានប្រជាពលរដ្ឋក្រុងព្រះសីហនុមួយចំនួនធំត្រូវលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ។ ប្រជាពលរដ្ឋបានបង្ហោះរូបភាពនៃការលិចលង់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមតិមួយចំនួនមានការរិះគន់ចំពោះអាជ្ញាធរថា មិនបានយកចិត្តទុកដាក់ឲ្យពេញទំហឹងក្នុងការដោះស្រាយបញ្ហា ។ អ្នកខ្លះថា ទោះបីជាមានលោក គួច ចំរើន ដប់ ម្ភៃនាក់ នៅខេត្តព្រះសីហនុ ក៏មិនអាចសង្គ្រោះសភាពការណ៍នៃការលិចលង់នោះបានដែរ ។ ក្នុងរយពេលនៃរដូវវស្សានេះ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុមានតែត្រូវទ្រាំរស់ជាមួយនឹងការលិចលង់ ដែលមិនអាចចៀសវាងផុតបាន ។ ជាងនេះទៅទៀត បញ្ហាប្រឈមនានា ដែលកើតឡើងដោយការលិចលង់នេះ ក៏មិនអាចបញ្ចៀសបានដែរ ។
អាជ្ញាធរក្រុង, ខេត្ត បានបណ្តែតបណ្តោយឲ្យមានការចាក់លុបប្រឡាយបង្ហូរទឹកសំអុយ ដែលជាផ្នែកមួយនៃការជួយបង្ហូរទឹកជំនន់ ទឹកភ្លៀងនេះចេញពីទីក្រុង ។ ករណីនេះ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទយល់ថា វាជាការទទួលខុសត្រូវរបស់អាជ្ញាធរក្រុង ដែលយ៉ាងហោចណាស់ក៏មានសិទ្ធិហាមឃាត់ចំពោះជនណា ដែលចាក់ដីលុបប្រឡាយបង្ហូរទឹកសំអុយនោះដែរ ។ នៅពេលដែលឈ្មួញ ឬអ្នកមានអំណាចចាក់ដីលុបប្រព័ន្ធបង្ហូរទឹកសំអុយ អាជ្ញាធរមិនមានវិធានការឲ្យទាន់ពេល ហេតុដូច្នេះហើយ ធ្វើឲ្យប្រព័ន្ធបង្ហូរទឹកសំអុយ រួមតូច ឬកន្លែងខ្លះត្រូវបាត់បង់ទាំងស្រុង ។ នៅពេលដែលមានភ្លៀងធ្លាក់ វាពិតជាគ្មានកន្លែងត្រូវហូរចេញនោះឡើយ ។
អ្វីដែលបានកើតឡើងដូចក្នុងរូបភាព គឺលំនៅឋានរបស់ប្រជាពលរដ្ឋនៅតំបន់ទំនាប ប្រឈមនឹងការលិចលង់ទាំងស្រុង ។ ផ្ទះខ្លះ នៅសល់តែគ្រែ និងពូកប៉ុណ្ណោះ ។ ទិដ្ឋភាពបែបនេះ អ្នកស្រមៃមើលថា តើនឹងមានអ្វីកើតឡើង? រាប់ទាំងពីសត្វធាតុ, សំរាមហូរតាមទឹក, លាមក… ដែលទាំងនេះគឺជាប្រការគ្រោះថ្នាក់បំផុតសម្រាប់ប្រជាពលរដ្ឋ ។ គ្រោះថ្នាក់ជាងគេនោះ គឺបញ្ហាចរន្តអគ្គិសនី ដែលអាចនឹងឆ្លងជាយថាហេតុ បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ។ អ្នកជិតខាងផ្ទះខ្ញុំបាទខ្លះ បានបិទចរន្តអគ្គិសនី ព្រោះតែបារម្ភខ្លាចមានការឆ្លង ដែលអាចនឹងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ។ ការណ៍នេះ គឺប្រជាពលរដ្ឋជាអ្នករងគ្រោះ ដោយសារតែការដឹកនាំរបស់អាជ្ញាធរ បណ្តែតបណ្តោយឲ្យពួកឈ្មួញអ្នកមានលុយ មានអំណាចចាក់ដីលុបប្រព័ន្ធបង្ហូរទឹកសំអុយ ។
ក្នុងនាមប្រជាពលរដ្ឋ ចង់ឃើញអាជ្ញាធរក្រុង ក៏ដូចជាខេត្ត ចុះពិនិត្យតាមលំនៅឋានប្រជាពលរដ្ឋឲ្យឃើញពីទិដ្ឋភាពលិចលង់ ដោយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឲ្យឃើញផ្ទាល់នឹងភ្នែក ។ យើងខ្ញុំជាប្រជាពលរដ្ឋ ព្រួយបារម្ភអំពីបញ្ហាគ្រោះថ្នាក់ ដែលអាចនឹងកើតឡើងជាយថាហេតុ ។ លំនៅឋានខ្លះ ត្រូវលិចលង់រហូតដល់កន្លែងដេក និងខ្លះទៀត រកតែកន្លែងដេកពួនមិនបាន ។ ប្រការនេះ អាជ្ញាធរ ពិតជាមិនអាចជួយចាត់វិធានការដោះស្រាយយ៉ាងណាបានឡើយ ប្រសិនបើមេឃនៅតែបន្តភ្លៀង ។ បើទោះបីជាមួយរយៈនេះ អាជ្ញាធរខេត្តបានចាត់វិធានការកាយប្រមូលសំរាមចេញពីលូបង្ហូរទឹកស្អុយយ៉ាងណាក៏ដោយ ក៏នៅចំណុចខ្លះ លូបង្ហូរទឹកត្រូវបានបិទទាំងស្រុង ដូច្នេះ ទឹកភ្លៀងមិនអាចមានច្រកហូរចេញបានឡើយ ។ ដោះស្រាយបញ្ហានេះ គឺមិនអាចធ្វើក្នុងរយៈពេលមួយថ្ងៃ ពីរថ្ងៃបាននោះទេ ។ ដូច្នេះ ប្រជាពលរដ្ឋមានតែទ្រាំរស់ក្នុងទឹកភ្លៀង ដែលមានគ្រប់រសជាតិនោះសិនទៅ ៕ ប្រជាពលរដ្ឋម្នាក់