ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍អូរបែកក្អម ក្រោយពីពួកគេបានធ្វើសកម្មភាពឆ្កិះសោបន្ទប់បស់ជនរងគ្រោះលួចយកសម្ភារ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យដែលឃាត់ខ្លួននោះមាន ឈ្មោះ ឆេង បូរី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ វឿន ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារបាត់បង កុំព្យូទ័រ(លេបថប) ម៉ាកអេសឺ មួយគ្រឿង និងនាឡិកាដៃ០១គ្រឿង ម៉ាកMK មួយគ្រឿង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅ មុនពេលកើតហេតុកាលពី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង០០នាទី ជនរងគ្រោះបានចាក់សោទ្វារ បន្ទប់របស់ខ្លួនចេញទៅវេលុយឲ្យក្រុមគ្រួសារ លុះជនរងគ្រោះត្រឡប់មកដល់បន្ទប់ជួលខ្លួនវិញឃើញមានស្បែកជើងមួយគូរនៅមុខបន្ទប់ជួលរបស់គាត់ រួចបើកទ្វាបន្ទប់មើលឃើញបាត់សម្ភារខាងលើ ពេលនោះ ជនរងគ្រោះបានទៅសុំម្ចាស់ផ្ទះជួលបើកកាម៉េរ៉ាសុវត្ថិភាពមើល ឃើញមានជនសង្ស័យចំនួន ០៣នាក់ ក្នុងនោះម្នាក់ឈ្មោះ ឆេង បូរី ស្នាក់នៅបន្ទប់ជួលទល់មុខគ្នាជាអ្នក ធ្វើសកម្មភាពឆ្កឹះសោបន្ទប់របស់ខ្លួន ។ លុះដល់ម៉ោង ០០ និង៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានឃើញជនសង្ស័យកំពុងនៅក្នុងបន្ទប់ជួលក៏ធ្វើការឃាត់នាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងតែម្តង ។ ចំណែកបក្ខពួកជនសង្ស័យ ពីរនាក់ទៀតគេចខ្លួន (១-ឈ្មោះ យក្ស និងម្នាក់ទៀតមិនស្គាល់ឈ្មោះកំពង់គិចខ្លួន) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា