ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Ynnan ចិន ចង់វិនិយោគលើប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រធានក្រុមហ៊ុន Yunnan ចិន ចូល ជួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងវិនិយោគ លើប្រពន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។

លោក Lu Guo Bing អគ្គនាយកក្រុម ហ៊ុន Yunnan ចិន បានមានប្រសាសន៍ ថា ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនម៉ៅការសំណង់ មានគោលបំណងវិនិយោគ លើប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រ ពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័ភាព បរិស្ថានជាទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ។ កន្លងមកក្រុមហ៊ុនលោកបានមកសិក្សាខ្លះៗនូវប្រពន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលំអិត និងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាតិ ក្រុមហ៊ុននឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្ត ធ្វើការពិនិត្យ ។

លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានស្វាគមន៍គម្រោងវិនិយោគប្រពន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវមានផែន ការមេ គម្រោងប្លង់គោល ថាតើ មានប្រ ពន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ការដាក់លូ ទំហំលូ មានមុខកាត់ប៉ុន្មានម៉ែត្រ មានស្ថា នីយចម្រោះទឹកកខ្វក់ប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការ សាងសង់ប្រើរយពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីឲ្យរដ្ឋបាលខេត្តយកដាក់ជូនរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃ អនុម័ត ។

លោកអភិបាលខេត្ត ស្នើរឲ្យក្រុមហ៊ុនសិក្សាឲ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីចូលរួមកែលម្អសោភណភាពបរិស្ថានខេត្តទេសចរណ៍នាទិសនារតី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖