ជាការណ៍ពិតហើយដែលជាតិសាសន៍នីមួយៗ អ្នកណាក៏ស្រលាញ់ និងចង់លើកស្ទួយ វប្បធម៌សិល្បៈ ឲ្យមានតម្លៃដែរ ប៉ុន្តែនាពេលនេះនាងខ្ញុំ ជាប្រជាពលរដ្ឋខ្មែរម្នាក់ មានការចាប់អារម្មណ៍ នឹងកម្មវិធី X Factor Cambodia របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ដែលកម្មវិធីនេះធ្វើឲ្យទស្សនិកជន ជាពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍នឹង បេក្ខនារី ម្នាក់ ឈ្មោះ លៀង ចាន់ឡា ដែលប្រលងច្រៀងជាក្រុមក្នុងសប្តាហ៍ទី៣ ហើយត្រូវមេប្រយោគប្រកាសលទ្ធផលឲ្យជាប់បេក្ខនារី៣នាក់ ធ្វើឲ្យបេក្ខនារីទាំង៣នាក់នេះស្ទុះទៅឱបគ្នាដោយក្តីរំភើបហួសពីការស្មានដោយមិនបានគិតពីដៃគូក្នុងក្រុមម្នាក់ទៀតគឺកញ្ញា លៀង ចាន់ឡា ដែលគ្មានឈ្មោះជាប់នឹងគេនោះទេ ។ ចំណែកកញ្ញា លៀង ចាន់ឡា ហាក់ស្រងាកចិត្តខ្លាំងណាស់ឈរភាំងតែឯងដោយទឹកមុខស្រងូតស្រងាត់គួរឲ្យអាណិត តែទីបំផុតចុងក្រោយមកទើបមេប្រយោគប្រកាសឲ្យនាងជាប់ដូចគេឯងដែរ ។
ចាប់ពីពេលនោះមក កញ្ញា លៀង ចាន់ឡា ត្រូវបានមហាមួយចំនួនមានការអាណិតអាសូរដល់នាងដែលមានរូបសម្បត្តិមិនស្អាតដូចគេ និងបានរិៈគន់បេក្ខនារីក្នុងក្រុមថា បានរើសអើងចំពោះកញ្ញា លៀង ចាន់ឡា រហូតអ្នកខ្លះ អាណិតនាងពេកនាំគ្នាឧបត្ថម្ភលុយកាក់ សម្ភារៈយ៉ាងច្រើនសន្ថឹកសន្ធាប់ និងនាំនាងទៅកែសម្ភស្សទៀតផង ។ មិនតែប៉ុណ្ណោះសប្បុរសជន ជាពិសេសមហាជននៅក្នុងសង្គមហ្វេសប៊ុកខ្លះ បាននាំគ្នាជួយដល់កញ្ញា លៀង ចាន់ឡា ជាបន្តបន្ទាប់ ដែលមើលទៅ ហាក់ដូច កញ្ញា លៀង ចាន់ឡា ជាជនរងគ្រោះដោយអំពើអ្វីមួយ ឬ ចាត់ទុកកញ្ញា លៀង ចាន់ឡា ជាមនុស្សអច្ឆរិយៈខ្លាំងណាស់ ។
សម្រាប់នាងខ្ញុំវិញគិតថា សប្បុរសជន ឬ មហាជនទាំងឡាយ ដែលមានចិត្តសប្បុរសធម៌ចង់ជួយមនុស្សដើម្បីយកបុណ្យនោះ គួរតែគិតនិងពិចារណា និងមើលកាលៈទេសៈផង មិនគួរណាសំឡឹងឃើញតែមនុស្សម្នាក់មានសមត្ថភាពពេញលេញទៅហើយ បែរជានាំគ្នាជួយបំពោកកាន់តែហូរហៀរនោះទេ ។ ត្រូវដឹងថា ក្នុងពេលនេះមានប្រជាពលរដ្ឋ តាមបណ្តាខេត្ត-ក្រុងស្ទើរទូទាំងប្រទេស កំពុងរងគ្រោះដោយទឹកជំនន់ លិចលង់ គ្មានជម្រកស្នាក់នៅខ្វះស្បៀងអាហារ ថ្នាំសង្កូវ ។ ល ។ ប្រសិនបើយើងបង្វិលជំនួយទាំងនេះទៅជួយពួកគាត់វិញតើបានបុណ្យប៉ុនណា ? គួរតែបញ្ចប់ទៅវប្បធម៌ ស្រើបស្រាលបញ្ចើចបញ្ជោរ បុគ្គលម្នាក់ពីរនាក់នោះ ។
នាងខ្ញុំនិយាយបែបនេះ មិនមែនមានន័យថា ច្រណែនឈ្នានីស ចង់បន្ទច់បង្អាក់សិល្បករ ឬមិនពេញចិត្តនឹងកម្មវិធី កម្មវិធី X Factor Cambodia របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស នោះទេ តែអ្វីដែលនាងខ្ញុំចង់បាននោះគឺសុំឲ្យទាំងគ្នាជួយគិតពីប្រទេសជាតិ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋវិញ ៕ ពីប្រជាពលរដ្ឋម្នាក់