ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគបាលស្រុកអូរយ៉ាដាវ ចុះអនុវត្តដីកាឲ្យចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តប្រគល់ឲ្យចៅក្រមស៊ើបសួរចាត់ការបន្ត ។
ការចុះឃាត់ខ្លួនជនសង្ស័យតាមដីការនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤និង០៣នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ការចុះអនុវត្តនោះតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤8 /២០១៩ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ចេញដោយលោក យិន វិសិដ្ឋ ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនបាននោះឈ្មោះ ក្លាន យួន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចារាយ មុខរបរ កសិករ មានទីលំនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ការចាប់ខ្លួនជនសង្ស័យនេះទាក់ទិននឹងសំណុំរឿងប្រព្រឹត្តបទល្មើសរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសមត្ថកិច្ចបញ្ជូនឲ្យចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ ជីវ័ន