អង្គុយផឹកកាហ្វេក្បែរចិញ្ចើមផ្លូវនៅក្រុងស្ទឹងសែន ខ្ញុំ់ឮពួកមន្ត្រីនគរបាលចរាចរណ៍ខេត្តនេះ ត្អួញត្អែរអំពីការលំបាកចំពោះការងារ ហើយជាពិសេសថ្នាក់លើមិនយកចិត្តទុកដាក់ថែមទៀតផង ។ ជាងនេះទៅទៀតបញ្ហាលុយកាក់ ដែលបំពេញភារកិច្ច មិនត្រូវបានថ្នាក់លើបើកឲ្យនោះទេ ។ ម្នាក់ៗ បានត្រឹមខ្សឹបខ្សៀវគ្នានៅតាមហាងកាហ្វេ ព្រោះមិនហ៊ាននិយាយឲ្យឮ ខ្លាចមេយកទោសពៃរ៍ ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីនគរបាលទាំងនោះ ហាក់ខកចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកស្នងការនគរបាលខេត្តក្នុងរឿងប្រាក់អប្បហារ ដែលបានមកពីការផាកពិន័យបទល្មើសចរាចរណ៍ ។ តាមច្បាប់គឺត្រូវចែករំលែកឲ្យមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តច្បាប់ ។ ប៉ុន្តែស្នងការនគរបាលខេត្តកំពង់ធំទំនងជាចង់ស៊ីដាច់ ។ ករណីនេះ គួរតែអគ្គស្នងការនគរបាលជាតិ, ក្រសួងមហាផ្ទៃ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតផង ។
ក្រុមមន្ត្រីនគរបាលខេត្តកំពង់ធំបានត្រឹមតែជជែកគ្នាតិចៗនៅតាមតុកាហ្វេ ដែលអ្នកខ្លះអះអាងថា ប្រឹងធ្វើការចង់ដាច់ខ្យល់ ឈរផ្លុំកញ្ចែទាំងភ្លៀង ទាំងថ្ងៃក្តៅ ប៉ុន្តែប្រាក់អប្បហារ មិនត្រូវបានថ្នាក់ដឹកនាំខេត្ត(ស្នងការ) បើកឲ្យនោះនៅឡើយទេ ។ គេមិនដឹងថា តើប្រាក់នោះវាទើរនៅទីណាឲ្យពិតប្រាកដនោះទេ ។ មន្ត្រីនគរបាលម្នាក់និយាយថា វាគួរតែបានខ្លះហើយ ប្រាក់ដែលខំធ្វើការនោះ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឃើញមានមន្ត្រីនគរបាលណាម្នាក់ទទួលបានប្រាក់អប្បហារនោះនៅឡើយ ។ ប្រការនេះធ្វើឲ្យមានការថ្នាំងថ្នាក់យ៉ាងខ្លាំងចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលក្រុមមន្ត្រីតូចតាចខ្សឹបខ្សៀវថា ទំនងជាមានចេតនាស៊ីដាច់ ។
ការដឹកនាំគ្រប់គ្រងរបស់លោក អ៊ុក កុសល ពិតជាធ្វើឲ្យមន្ត្រីនៅក្រោមឱវាទញាក់សាច់ ខ្លាចរអាប្រាកដមែន ។ គ្មាននរណាហ៊ានតវ៉ា ហ៊ានបញ្ចេញយោបល់ចំពោះករណីដែលលោកបានប្រព្រឹត្តបញ្ហាមិនគប្បីនៅក្នុងអង្គភាពនោះឡើយ ។ សូម្បីតែមន្ត្រីនគរបាលដែលស្គាល់គ្នាជិតដិតបំផុតនោះ នៅពេលជួបគ្នាក្នុងស្នងការដ្ឋានស្ទើរមិនហ៊ាននិយាយគ្នា ព្រោះខ្លាចមានការចោទប្រកាន់យ៉ាងណាៗពីមេថ្នាក់លើ ។ មានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានអំណាចគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ក្រៅពីនោះ គឺត្រូវអង្គុយបៀមប៉ិចឡើងខៀវធ្មេញក្នុងការិយាល័យទៅហើយ ។ ក្រុមមន្ត្រីនគរបាលមានតួនាទីធំខ្លះ មានអំណាចមិនស្មើអ្នកបើកបររថយន្តរបស់លោកស្នងការនោះទេ ។
ក្រុមមន្ត្រីនគរបាលខ្សឹបខ្សៀវគ្នារអាស់រអូមអំពីតួនាទីដឹកនាំរបស់លោក អ៊ុក កុសល ។ និយាយរួមទៅ ពួកគេអះអាងថា មានបញ្ហាមិនប្រក្រតីជាច្រើន ហើយបើប្រៀបធៀបជាមួយមេដឹកនាំមុនៗ គឺលោក អ៊ុក កុសល ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីនគរបាលមិនហ៊ានតវ៉ា ជាចំហរនោះទេ គឺបានត្រឹមតែបញ្ចេញមតិខ្សឹបខ្សៀវនៅតាមតុកកាហ្វេឲ្យអ្នកកាសែតដឹងតែប៉ុណ្ណោះ ។ គិតៗទៅអាណិតមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនោះដែរ ដែលរស់នៅក្នុងចន្លោះមាត់ដង្កាប់ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលស្តាប់ឮការត្អួញត្អែររបស់មន្ត្រីនគរបាលខេត្តកំពង់ធំទាំងនោះ រំពឹងថា អគ្គស្នងការនគរបាលជាតិ, ក្រសួងមហាផ្ទៃ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យមើលបញ្ហាមិនប្រក្រតីនៅស្នងការនគរបាលខេត្តកំពង់ធំនោះផង ៕ ប្រជាពលរដ្ឋម្នាក់