ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជិត១២ម៉ឺននាក់ ថយចុះធៀបនឹងឆ្នាំកន្លងទៅ ។

តាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨ ។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។

មន្ត្រីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងបានរៀបចំ និងត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយទាំងមន្ត្រីគ្រប់គ្រងការប្រឡង មណ្ឌល និងវិញ្ញាសារ សម្រាប់ការប្រឡងនេះ។ ពោលអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក គ្មានអ្វីប្រែប្រួលនោះឡើយ។ ទោះជាយ៉ាងណាមានមណ្ឌលប្រឡងតែមួយប៉ុណ្ណោះនៅក្នុងខេត្តកំពត ត្រូវបានផ្លាស់ប្តូរដោយសារតែជំនន់ទឹកភ្លៀង។

ប្រភពបន្តថាថា «ការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩-២០ សីហា ឆ្នាំ២០១៩នេះ គឺបានរៀបចំរួចស្រេចទៅតាមការគ្រោងទុក ចំណែកឯហឹបវិញ្ញាសារទាំង៤០៤ ក៏បានដឹកទៅដល់មណ្ឌលប្រឡងរួចរាល់ផងដែរ ។ ក្នុងនោះមាន១មណ្ឌលនៅឯខេត្តកំពត ត្រូវបានអនុញ្ញាតឲ្យផ្លាស់ប្ដូរ មូលហេតុដោយសារទទួលជំនន់ទឹកភ្លៀង។ ក្រៅពីនោះ គឺមិនមានផលប៉ះពាល់អ្វីនោះទេ ប៉ុន្ដែក្រោយពីការផ្លាស់ប្ដូរនេះ ចំនួនសរុបមណ្ឌលនៅតែ ២០២មណ្ឌលដដែល»។

ដើម្បីធ្វើឱ្យការប្រឡងទទួលបានជោគជ័យតាមគោលដៅដែលបានគ្រោងទុក ក្រសួងបានពង្រាយមន្ត្រីគ្រប់គ្រងការប្រឡងនេះ សរុប ១៧,៤៣០នាក់ ក្នុងនោះ អប្បមាទ ៦០៦នាក់ ជំនួយការអប្បមាទ ដែលជាគរុនិសិ្សត ២,៤០៥នាក់ អនុរក្ស ១០,៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ ១,១៨១នាក់ និងគណៈកម្មការកណ្តាល ២,៤០៥នាក់។

ការប្រឡងនៅថ្ងៃទី១៩ ខែសីហា នេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។ ថ្ងៃទី២០ ខែសីហា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ ៕


ចែករំលែក៖