ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅក្រោមម៉ូតូរបស់ខ្លួន១គ្រឿង ហើយត្រូវបាននគរបាលបញ្ជាក់ថា គាត់ស្រវឹងស្រា និងជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់ខ្លួនឯង ខណៈដែលបានចាកចេញពីផ្ទះបាត់១យប់ ហើយប្រពន្ធបានខលរក និងតេចូលជាច្រើនដង ប៉ុន្តែអត់លើក ។
ហេតុការណ៍នេះ បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ត្រង់ចំណុចផ្លូវកោងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសរងគ្រោះមានឈ្មោះធី អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល មានប្រពន្ធឈ្មោះសាន សុភី អាយុ៣៤ឆ្នាំមានផ្ទៃពោះ៨ខែទៅហើយ ។ បុរសនេះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BU-2840 ។
ស្រ្តីម្នាក់ត្រូវជាម្ដាយក្មេកបាននិយាយថា ជនរងគ្រោះគឺជាកូនប្រសារគាត់ដែលទើបតែរៀបការជាមួយកូនស្រីគាត់បានរយៈពេលជាង១ឆ្នាំតែប៉ុណ្ណោះ ហើយពេលនេះកូនស្រីគាត់មានផ្ទៃពោះ៨ខែទៅហើយ ។ ដោយឡែកនៅវេលាថ្ងៃទី២១ ខែសីហា ជនរងគ្រោះបានប្រាប់គាត់ និងប្រពន្ធរបស់ខ្លួនថា ទៅយកស្មៅគោនៅឯផ្ទះម្ដាយបង្កើត នៅក្នុងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ពេលនោះ ពួកគាត់បានឃាត់មិនឲ្យទៅទេ ព្រោះយប់ទៅហើយ ប៉ុន្តែជនរងគ្រោះមិនព្រម ហើយបានចាកចេញទៅបាត់រហូតមិនឃើញត្រឡប់ទៅផ្ទះវិញរហូត ។ ខណៈនោះពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់បានព្យាយាមខលរករហូតដែរ ប៉ុន្តែខលចូលមិនមានអ្នកលើក ហើយក៏គិតថា ជនរងគ្រោះដេកនៅផ្ទះម្ដាយបង្កើតទេ ទើបអត់បានតាមរក តែអ្វីដែលនឹកស្មានមិនដល់ ស្រាប់តែព្រឹកឡើងប្រទះឃើញស្លាប់ក្រោមម៉ូតូបែបនេះទៅវិញ ។
នគរបាលបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២១ ខែសីហា បុរសរងគ្រោះបានផឹកសុីជុំគ្នាជាមួយមិត្តភក្ដិរួមការងាររហូតដល់វេលាម៉ោង៧យប់ ទើបចាកចេញទៅផ្ទះម្ដាយនៅភូមិអង្គស្នួល ហើយសង្ស័យថា ស្រវឹងស្រាទើបជិះម៉ូតូលឿនដល់ផ្លូវកោងបត់មិនទាន់ ក៏ធ្លាក់ផ្លូវស្លាប់ដោយខ្លួនឯង ។ ពេលនេះក្រុមគ្រួសារមិនមានការប្ដឹងផ្ដល់ទេ ហើយបានយកសាកសពធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ