ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ ក្តោបសេដ្ឋកិច្ចយ៉ាងណែនពេញដៃ ធ្វើអោយអភិបាលរងខណ្ឌចំនួន៤រូប និយាយមិនចេញ និងមន្ត្រីថ្នាក់ក្រោមទៀតកំពុងតែឆ្ងល់ថា គាត់លោភលន់អីក៏លោភលន់យ៉ាងនេះ គ្មានអារម្មណ៍គិតសូម្បីបន្តិចដល់កូនចៅ ប្រើគឺប្រើ ប្រយោជន៍យកជាបុគ្គលខ្លួនឯង រហូតដល់មន្ត្រីថ្នាក់ប្រធានការិយាល័យឆ្អែតចិត្ត លាចេញពីតំណែងជាប្រធានការិយាល័យ មកធ្វើជាមន្ត្រីធម្មតា ជៀសវាងឈឺក្បាលវិលមុខ និងមេកើយមិនយកចិត្តទុកដាក់កូនចៅ បានតែប្រើ ប៉ុន្តែប្រឹងប្រមូលផលតែបុគ្គលខ្លួនឯង។
មានមន្ត្រីខ្លះបង្ហើបថា៖ គ្រាន់តែសុីញ៉េលិខិតស្នើសុំសាងសង់សំណង់«ខុនដូ»ជាដើម ១ឯកសារសម្រាប់សេវាខណ្ឌចាប់ពី ៣០០០ដុល្លារ ដល់៤០០០ដុល្លារ ឈានដល់៥០០០ដុល្លារ គឺលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក គាត់ក្តោបទុកម្នាក់ឯង ក្រោមលេសបង់ទៅច្រកចេញ-ចូលតែមួយ។ ដោយឡែកគ្រាន់តែការងារសណ្តាប់ធ្នាប់ខណ្ឌ ជាទម្លាប់មានវិធានការ២ ទី១-រៀបចំសណ្តាប់ធ្នាប់អោយបានល្អ អនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។ ទី២-គិតរឿងប្រភពសេដ្ឋកិច្ចបានមកពីការយោគយល់ អនុគ្រោះអោយទីតាំងយានដ្ឋាន ហាងលក់ដូរ កន្លែងលក់គ្រឿងឡាន កន្លែងផ្ញើម៉ូតូ។ល។ យកផ្លូវសាធារណៈ ធ្វើជាទីតាំងអាជីវកម្មឯកជន ដូច្នេះទាមទារលាភសក្ការៈ យ៉ាងហោចណាស់ក៏ក្នុង១ខែ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក ទទួលបានពីសណ្តាប់ធ្នាប់នេះ ពី៦០០០ដុល្លារ ទៅ៧០០០ដុល្លារ។ បញ្ហានេះហើយដែលធ្វើអោយផ្លូវជាច្រើនក្នុងមូលដ្ឋានសង្កាត់នីមួយៗ នៃខណ្ឌទួលគោក តូចចង្អៀត ស្ទៈ ខណៈចំណីផ្លូវមួយចំនួនធំត្រូវបានគេយកទៅប្រើប្រាស់ជាផលប្រយោជន៍ឯកជនដាក់តាំងរកសុី។
ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីថ្នាក់មូលដ្ឋានបានបញ្ជាក់ថា៖ បើនៅផ្លូវ២២៥ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចៅសង្កាត់ និងសណ្តាប់ធ្នាប់ខណ្ឌ បានអោយឯកជន ដែលមានផ្ទះតាមបណ្តោយផ្លូវលេខ២២៥ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ទល់មុខសណ្ឋាគារ (ជាលី) យកកំណាត់ផ្លូវលេខ២២៥ ជាទីតាំងផ្ញើម៉ូតូ២៤ម៉ោង លើ២៤ម៉ោង និងឈានដល់យកផ្លូវឌឿងហែមខាងក្រោយ
មន្ទីរព្យាបាលធ្មេញ បញ្ចឹម ជាកន្លែងផ្ញើម៉ូតូ ទទួលផ្ញើម៉ូតូក្តៅពាក់ព័ន្ធនិងមធ្យោបាយបទល្មើសយកមកផ្ញើដោយមន្ត្រីសមត្ថកិច្ចថែមទៀតផង។ អ្នកភូមិបានរាយការណ៍មកថា៖ ក្នុង១ថ្ងៃមិនគិតពេលវេលាព្រឹក ថ្ងៃ ល្ងាច ឬយប់ទេ គឺមានសមត្ថកិច្ចស្លៀកពាក់សុីវិលយកម៉ូតូពីក្រុមក្មេងលេងថ្នាំញៀន ឬពីបទល្មើសអីផ្សេងៗទៀតមកផ្ញើនៅទីនោះ ក្រោយមកចចារគ្នាដោះស្រាយយកលុយពីអាណាព្យាបាលចាប់ពី៥០០ដុល្លារ ទៅ៧០០ដុល្លារ ឬ១០០០ដុល្លារទៅតាមប្រភេទម៉ូតូ ។ ទូទាត់រួចប្រគល់ម៉ូតូអោយទៅវិញ ថតរូបទុក និងតម្រូវអោយក្មេងៗ ឬអាណាព្យាបាលបង់លុយអោយកន្លែងអ្នកផ្ញើម៉ូតូម្តង ២មុឺនរៀល។ អ្នកភូមិបន្តថា៖ សកម្មភាពនេះធ្វើរាល់ថ្ងៃ តែមិនដឹងជាសមត្ថកិច្ចខាងណា ឃើញតែស្លៀកសុីវិល ហើយមានសៀតកាំភ្លើងខ្លីនៅជាប់ចង្កេះ។ ពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពបំផុត ខណៈចៅសង្កាត់ផ្សារដេប៉ូ៣ ស្ពឹក យឺតយូរ មិនអើពើ មិនទទួលខុសត្រូវលើការងារគ្រប់គ្រងក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។
ថ្មីៗនេះបែកធ្លាយរឿងមិនប្រក្រតី លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន រូបគាត់ផ្ទាល់នៅពីក្រោយខ្នង ឈានដល់ចេញបានជា(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខៈ 120407 12-0066 ទំហំ៥០៣ម៉ែត្រការ៉េ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយ ដែលទម្លាយចេញពីពលរដ្ឋម្នាក់ ខណៈដឹងរឿងច្បាស់ បានបង្ហើបប្រាប់អោយដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ថា ដីសាធារណៈរបស់រដ្ឋមួយកន្លែង ស្ថិតនៅផ្លូវលេខ៦០៨កែងផ្លូវលេខ២៨៥ ស្ថិតនៅភូមិ១២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ទំហំជាង៥០៣ម៉ែត្រការ៉េ តម្លៃទីផ្សារប្រមាណ១លានដុល្លារអាមេរិក ត្រូវបានលោក ញិល បញ្ញា ត្រឹមមន្ត្រីជាប់កិច្ចសន្យានៅសាលាខណ្ឌទួលគោក និង ជាកូនប្រុសលោក ញិល លាង សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក អាចធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់បាន តាំងពីឆ្នាំ២០១៧ ដោយស្ងប់ស្ងាត់ជាទីបំផុត និងត្រូវបានទម្លាយខណៈដឹងថា លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក នៅពីក្រោយខ្នងរឿងនេះផ្ទាល់ បង្កើតឯកសារជាប្រព័ន្ធ។
ប្រភពព័ត៌មាន ដដែលបន្តថា កាលពីពេលកន្លងទៅ ដីទាំងអស់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។ ប៉ុន្តែក្រោយមក បានធ្វើជាកម្មសិទ្ធិឯកជនជាបន្តបន្ទាប់ ដែលនៅសល់ដីមួយកន្លែងខាងលើនេះ ទើបត្រូវបានដាក់ជាទ្រព្យសម្បត្តិរបស់ខណ្ឌទួលគោក សម្រាប់ប្រើប្រាស់ជាសាធារណៈ ។
ប៉ុន្តែ ក្រោយមក ដីមួយកន្លែងនេះ ត្រូវបានលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ បានចេញជា(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខៈ 120407 12-0066 ) ទៅអោយឈ្មោះ ញិល បញ្ញា ដែលគេស្គាល់ថា ត្រឹមជាមន្ត្រីជាប់កិច្ចសន្យានៅសាលាខណ្ឌទួលគោក ប្រើប្រាស់ជាលក្ខណៈឯកជន។
ប្រភពខាងលើអះអាងថា តាមពិតឈ្មោះ ញិល បញ្ញា ត្រឹមជាមន្ត្រីជាប់កិច្ចសន្យានៅសាលាខណ្ឌទួលគោក ពុំមានលទ្ធភាពទិញដីតម្លៃមហាសាលនេះ បានទេ គឺ មានមន្ត្រីធំម្នាក់នៅពីក្រោយខ្នង ក្នុងគោលបំណង រំលោភយកដីសាធារណៈ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមាន លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក ជាអ្នកផ្តើមគំនិត។
កន្លងមក នេះដីមួយកន្លែងនេះ ធ្លាប់ត្រូវបានសាងសង់សំណង់ពីលើ តែក្រោយមានប្រតិកម្មជាបន្តបន្ទាប់ ក៏បានផ្អាកទៅវិញ តែស្ថិតក្រោមការគ្រប់គ្រងរបស់ឯកជនដដែល ។ ប្រភពព័ត៌មានសង្កត់ធ្ងន់ថា “យូរបន្តិចទៀត គេនឹងលក់ដីនេះ យកលុយចែកគ្នាមិនខាន បើមិនស្រាវជ្រាវរកការពិតទេនោះ”។
អ្នកប្រាប់រឿងដល់ អង្គភាព «នគរវត្ត»គ្រាន់តែចង់អោយព័ត៌មាននេះ បានដឹងដល់ថ្នាក់លើ ដើម្បីជ្រាបនិងទប់ស្កាត់ ព្រមទាំងវែកមុខ មន្ត្រីខិលខូច ដែលលួចដីសាធារណៈរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិឯកជន ។
បច្ចុប្បន្ន នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងមានវិធានការក្តៅលើបញ្ហាទាំងអស់ នេះ ហើយបានប្រើអភិក្រមទី៥ “វះកាត់” មន្ត្រីខិលខូច មន្ត្រីពុករលួយ ជាបន្តបន្ទាប់ ។ មហាជន សង្ឃឹមថា មន្ត្រីខិលខូច និង មន្ត្រីពុករលួយ នឹងត្រូវកំចាត់ចេញអស់ពីសង្គមខ្មែរ។
លោក ញិល បញ្ញា ត្រឹមមន្ត្រីជាប់កិច្ចសន្យានៅសាលាខណ្ឌទួលគោក និង ជាកូនប្រុសលោក ញិល លាង សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក អាចធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់បាន តាំងពីឆ្នាំ២០១៧ មិនបានធ្វើអធិប្បាយអ្វីវែងឆ្ងាយទេជាមួយអង្គភាព (នគរវត្ត)តាមទូរស័ព្ទនៅររសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដោយលោកគ្រាន់តែបញ្ជាក់និងបង្កើតជាសំណួរវិញថា៖ អ្នកកាសែត លោកឯងដឹងពីណា មានអីសំអាងថាដីទំហំ៥០៣ម៉ែត្រការ៉េនោះជាដីរដ្ឋ ហើយអ្នកណាប្រាប់ខាងលោក ខ្ញុំមិនឆ្លើយទេរឿងនេះ។
ពាក់ព័ន្ធករណីនេះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បានប្រាប់អង្គភាព«នគរវត្ត» តាមទូរស័ព្ទថា៖ បញ្ហានេះគេមានឯកសារត្រឹមត្រូវកាន់កាប់តាំងពីឆ្នាំ២០០៩មកម្លេះ តាមរយៈលិខិតទិញ-លក់ ពីថ្នាក់មូលដ្ឋានភូមិ-សង្កាត់ មានសិទ្ធស្នើសុំចុៈបញ្ជីដីធ្លី។ លោកបន្តថា៖ ដីតំបន់នោះរាជរដ្ឋាភិបាលបានប្រទានកម្ម អោយប្រជាពលរដ្ឋធ្វើបណ្ណកម្មសិទ្ធអស់ហើយ តែមានចុៈផ្សាយលើគេហទំព័រនេះ កើតចេញពីភាពច្រណែន ឈ្នានីស ចាក់រុក កកាយរឿងបង្កើតជាបញ្ហាចំងល់ដល់មហាជន។
លោកអភិបាលបានបញ្ជាក់ថា៖ បើចង់ដឹងច្បាស់អាចមកយកឯកសារទៅមើលពីនីតិវិធីច្បាប់បាន ឬមកទីនេះ(ខណ្ឌ)ដើម្បីអោយជំនាញពន្យល់ ខណៈមន្ត្រីជំនាញគាត់រក្សាទុករាល់ឯកសារពាក់ព័ន្ធ។
ទោះជាមានការបកស្រាយបែបនេះក៏ដោយ បញ្ហាជាច្រើនដែលមន្ត្រីចាត់ទុកថា លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បាននឹងកំពុងដឹកនាំខ្វះការទទួលខុសត្រូវ មានភាពមិនប្រក្រតី អាចឈានដល់ទម្លាយ ដើម្បីកំណែទម្រង់ការងារអោយរលូន សហការសាមគ្គីផ្ទៃក្នុង ពិសេសអោយរដ្ឋបាលសម្តេចតេជោ ហ៊ុន សែន មានសក្តានុពល ក្នុងនីតិរដ្ឋ៕
ដោយ៖ សុខ ខេមរា