ប្រភពពីមន្ត្រីអង្គភាពសាខាពន្ធដារខេត្តឧត្តរមានជ័យបានបង្ហើបថា លោក ជុំ សំនិត ដែលជាមេដឹកនាំអង្គភាព ចូលចិត្តទទួលទានមាន់វត្ត ហើយបង្កឲ្យមានរឿងអាសូ្រវញឹកញាប់ ។ រឿងអាស្រូវជាហូរហែពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើមិនគប្បីនេះតាំងពីជាង១០ឆ្នាំមុន រហូតដល់សព្វថ្ងៃ គឺនៅតែជារឿងក្បែរៗកន្ទុយក្បិននេះឯង ។ ក្រៅពីនោះ ក៏នៅមានបញ្ហាអំពើពុករលួយ ដែលគេខ្សឹបថា មានការប្តឹងផ្តល់ដល់សាលាដំបូងខេត្តពាក់ព័ន្ធនឹងថៅកែផ្ទះសំណាក់មួយក្នុងទីរួមខេត្តឧត្តរមានជ័យ ដែលពេលនេះលោក ជុំ សំនិត កំពុងព្យាយាមរកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បើទោះបីជារឿងរ៉ាវពុករលួយ និងរឿងស៊ីមាន់វត្តផ្អើលពេញអង្គភាព ពេញទាំងខេត្តយ៉ាងណាក៏ដោយ ក៏លោក ជុំ សំនិត មិនដែលខ្វល់ ក៏ព្រោះតែលោកមានខ្នងបង្អែករឹងមាំ ដូច្នេះទាំងការប្រព្រឹត្តអំពើពុករលួយ និងការប្រព្រឹត្តអំពើមិនគប្បីទាំងក្នុងគ្រួសារ និងក្នុងអង្គភាព ក៏លោកជុំ សំនិត មិនដែលខ្វល់ ។ ក្រុមមន្ត្រីនៅជុំវិញសាលាខេត្តឧត្តរមានជ័យ ក៏ដូចជាឈ្មួញរកស៊ីនាំទំនិញ បានទទួលស្គាល់ភាពខ្លាំងរបស់លោកជុំ សំនិត ដែលអាចទ្រោលសភាពការណ៍ និងរក្សាតំណែងបានយ៉ាងរឹងមាំ ។ រឿងពុករលួយ ក៏ដូចជាការរកស៊ីនាំទំនិញពីប្រទេសថៃ ក្នុងនាមជាអ្នកទារពន្ធផង និងជាអ្នករកស៊ីផង លោក ជុំ សំនិត ត្រូវគេរិះគន់យ៉ាងសម្បើម ។ យ៉ាងណាក៏ដោយ លោកនៅតែអាចបន្តការងារ ទាំងមុខតំណែង និងការរកស៊ី ។
គេរាយការណ៍ថា អំពើពុករលួយ គឺជារឿងមួយ ដែលនរណាក៏ដឹង នរណាក៏យល់អំពីសកម្មភាពនៃការនាំទំនិញ (ស្រាបៀរ) ពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា ដោយមិនបង់ពន្ធ ។ រថយន្តរបស់អង្គភាព ត្រូវបានលោកជុំ សំនិត ប្រើប្រាស់សម្រាប់ដឹកទំនិញរកស៊ីផ្ទាល់ខ្លួន ។ វាជារឿងដែលគួរតែថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏ដូចជា អគ្គនាយកដ្ឋានពន្ធដារត្រូវត្រួតពិនិត្យ ។ ប៉ុន្តែដោយសារឥទ្ធិពលទឹកលុយ និងខ្នងបង្អែក ទើបលោកជុំ សំនិត មិនខ្វល់ ពោលគឺនៅតែបន្តប្រព្រឹត្តអំពើពុករលួយ, រកស៊ីនាំទំនិញមិនបង់ពន្ធ… ដែលប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋ, ឈ្មួញរកស៊ី…ស្នើឲ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ និងថ្នាក់ដឹកនាំខេត្ត ពិនិត្យមើលករណីលោកជុំ សំនិតផង ៕